សម្ដេចក្រឡាហោម ស ខេង សម្រេចបញ្ចប់មុខតំណែង លោក រុំ សុវិជ្ជា នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោយពី...
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោយបើករថយន្តទាំងស្រវឹងទៅបុកទ្រព្យសម្បត្តិសាធារណៈ និងជេរប្រមាថធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ។

សម្ដេចក្រឡាហោម ស ខេង បានកំណត់ឲ្យលោកវរសេនីយ៍ឯក រុំ សុវិជ្ជា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការរហូតដល់មានការសម្រេចជាថ្មី។

គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ដែលបង្កឡើងដោយលោក វរសេនីយ៍ឯក រុំ សុវិជ្ជា បានកើតឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្របពេលក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ និងខ្លួនឯងទៀតសោតក៏មានតួទាទីជានាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទៀតផង។

លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឲ្យខូចខាត ហើយអ្វីដែលធ្វើឲ្យកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗ ទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឲ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុ មានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។