កុំភ្លេចការពារខ្លួន...នៅថ្ងៃទី២៣នេះ ក្រសួងសុខាភិបាល រកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីទៀត លើស្ត្រីខ្មែរត្រឡប់មកពីសហរដ្ឋអាមេរិក
ស៊ីហៀង
-

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បញ្ជាក់ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីទៀត ដែលជាស្ត្រីខ្មែរត្រឡប់មកពីសហរដ្ឋអាមេរិក ។ ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលបានឆ្លងជំងឺកូវីដ១៩ មានអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជា តាំងពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

ករណីវិជ្ជមានវីរុសកូវីដ ១៩ មាន០១នាក់៖

គិតត្រឹមថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទីយប់ ក្រសួងសុខាភិបាលបានទទួលលទ្ធផលវិភាគពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបង្ហាញថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន០១នាក់ ដែលជា៖

- ស្រ្តីជនជាតិខ្មែរអាយុ៣៩ ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជាតាំងពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ តាមព័ត៏មានផ្តល់ដោយស្រ្តីរូបនេះ គឺគាត់បានទៅសហរដ្ឋអាមេរិក (ទីក្រុងញូវយ៉ក) តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈ ដោយមានបិទជើងហោះហើរធ្វើដំណើរត្រឡប់មកវិញមិនបាន

-ពេលមកដល់កម្ពុជាវិញ គាត់បានធ្វើការរស់នៅដាច់ដោយឡែកដោយខ្លួនឯង ហើយបានទៅពិនិត្យសុខភាព និងធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាននៅពេលនោះ។ គ្រូពេទ្យបានណែនាំឲ្យគាត់បន្តធ្វើចត្តាឡីស័កឲ្យគ្រប់១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អាការៈរបស់គាត់មិនមានភាពធូរស្រាល ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ គាត់ក៏ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ទៅវិភាគសារជាថ្មីម្តងទៀត​ ដែលទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩

-បច្ចុប្បន្នស្រ្តីរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២២ ឧសភា ឆ្នាំ២០២០ នេះរួចហើយដែរ។