អាណិតណាស់...ជិះម៉ូតូទៅទិញត្រីយកមកលក់ដូរ ស៊យអីត្រូវឆក់កាបូបលុយទៅបាត់ ខំជិះម៉ូតូដេញតែដេញមិនទាន់ បានត្រឹមតែ...
-

ភ្នំពេញ៖ កាលពីវេលាម៉ោង០៦ និង០០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្រ្តីម្នាក់អង្គុយយំស្តាយ ព្រោះអស់លុយសម្រាប់ទិញត្រី ក្នុងការប្រកបរបរលក់ត្រី ដោយសារបុរសជនសង្ស័យ២នាក់ បានជិះម៉ូតូស៊ុយសូគីនិច មកធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ អស់លុយ៨០ម៉ឺនរៀល និងខ្សែកផ្លាទីន១ខ្សែ តម្លៃ៦០ម៉ឺនរៀល និងទូរស័ព្ទ១គ្រឿង កន្លែងកើតហេតុនៅចំណុច ស្ថានីយ៍បូបទឹកបឹងទំពន់ តាមផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះថា សេង សុភ័ណ្ឌ អាយុ៣២ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅសង្កាត់ដង្កោ ។

ស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅផ្សារនៅម្តុំវត្តពោធិញាណ ដើម្បីទៅទិញត្រីយកមកលក់ ស្រាប់តែមកដល់កន្លែងកើតហេតុ លេចមុខជនសង្ស័យម្នាក់ រត់មកឆក់កាបូបក្រវ៉ាត់នៅចង្កេះ ហើយក្រោយកើតហេតុ ជនរងគ្រោះព្យាយាមបើកម៉ូតូ វីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1P-7022 ដេញតាមជនសង្ស័យ ពីកន្លែងកើតហេតុ៣៧១ រហូតមកដល់ច្រមុះក្បាលថ្នល់ បាត់មិនទៅផ្លូវណារត់គេចខ្លួនបាត់ ដោយជាមួយលុយខ្មែរ ៨០ម៉ឺនរៀល ទូរសព្ទអូប៉ូ ១គ្រឿង ខ្សែ«ក» ផ្លាកទីន ១ខ្សែ និងអត្តសញ្ញាណបណ្ណ ១សន្លឹកផងដែរ។

ភ្លាមនោះ សមត្ថកិច្ចបានធ្វើការសួរនាំទៅកាន់ ជនរងគ្រោះទើបដឹងពីមូលហេតុ  ទើបជូនជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត។