នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈបានបង្ហោះសារឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ នឹងបេីកសវនាការសំណុំរឿង លោកគ្រូ អ៊ូ ជាលី នៅរសៀលថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ។
លោកគ្រូ អ៊ូ ជាលី បានរងការចោទប្រកាន់យ៉ាងអយុត្តិធម៌បំផុតពីសំណាក់ ព្រះរាជអាជ្ញារង តុប ឈុនឡុង និង ចៅក្រម លីនដា សម័យ នៅសាលាដំបូងខេត្តកំពង់ចាម ថាបាន បេីកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលអោយស្លាប់អ្នកដទៃ ។ ការចោទប្រកាន់នោះ បានបង្ករអោយមានការរិះគន់ខ្លាំងនៅលេីបណ្ដាញសង្គមហ្វេសប៊ុក ព្រោះ សមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត និង នគរបាលចរាចរណ៍ ក្រសួងមហាផ្ទៃ បានស្រាវជ្រាវ និង បញ្ជាក់ថា រថយន្តរបស់លោកគ្រូ អ៊ូ ជាលី មិនបានបង្ករគ្រោះថ្នាក់ចរាចរណ៍ នៅភូមិ អង្គរបានទី ៩ ឃុំ អង្គរបាន ស្រុកកងមាស ខេត្ត កំពង់ចាម កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ទេ ។

ដោយមេីលឃេីញអំពើអយុត្តិធម៌បែបនេះ មេធាវីរបស់លោកគ្រូ អ៊ូ ជាលី បានដាក់ពាក្យស្នេីសុំអន្តរាគមន៍មកក្រសួងយុត្តិធម៌ ដេីម្បីសុំផ្ទេរសំណុំរឿងរបស់លោកគ្រូ អ៊ូ ជាលី មកកាត់ក្ដីនៅសាលាដំបូងរាជធានីភ្នំពេញវិញ ។ ក្រសួងយុត្តិធម៌ បានឯកភាពអោយសាលាដំបូងខេត្តកំពង់ចាម ផ្ទេរសំណុំរឿងមកភ្នំពេញវិញ ។

ដូច្នេះ យេីងសង្ឃឹមជឿជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នឹងរកយុត្តិធម៌ជូនលោកគ្រូ អ៊ូ ជាលី ជាក់ជាពុំខាន ។





ប្រភព៖ ផែង វណ្ណៈ