អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដកហូតសាច់សត្វព្រៃទម្ងន់៧១គីឡូក្រាម សត្វអណ្តើកទឹករស់ចំនួន១០ក្បាល ពីភោជនីយដ្ឋានមួយ នៅ​កោះកុង​
-

នៅថ្ងៃទី២៧​​ ខែឧសភា ឆ្នាំ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ Wildlife Alliance Cambodia បានឲ្យដឹងថា ជាលទ្ធផលពីការឆ្នក់ចាប់មួយនៅក្នុងខែនេះ ដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការដកហូតសាច់សត្វព្រៃទម្ងន់៧១គីឡូក្រាម សត្វអណ្តើកទឹករស់ចំនួន១០ក្បាល ព្រមទាំងស្នូក និងទ្រូងអណ្តើកយ៉ាងច្រើនដែលមានទម្ងន់៥០គីឡូក្រាមពីភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តកោះកុង។ 

ចំពោះសត្វអណ្តើកដែលនៅរស់ក្រុមការងារក៏បានដោះលែងអោយត្រលប់ចូលទៅក្នុងព្រៃវិញ និងរីឯសាច់សត្វព្រៃត្រូវបានដុតបំផ្លាញចោល។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជាសូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃStopEatingWildlife campaign។ 

ការបរិភោគសាច់សត្វព្រៃគឺជាការជំរុញអោយមានការសម្លាប់យ៉ាងរង្គាលចំពោះសត្វព្រៃកម្ពុជា ហើយក៏ជាការគំរាមកំហែងដោយផ្ទាល់មួយចំពោះសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា។


ប្រភព៖ Wildlife Alliance Cambodia