ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុច ផ្សារឈូកមាស មូលដ្ឋានសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ជនសង្ស័យជាអ្នកគ្រប់គ្រង២នាក់ និងកុមារ៦នាក់។

ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ បានឃាត់ខ្លួនស្រ្តីសង្ស័យជាអ្នកគ្រប់គ្រង២នាក់ និងកុមារ៦នាក់ក្នុងនោះមានទារក២នាក់ ពាក់ព័ន្ធករណី កេងប្រវ័ញ្ចពលកម្មលើកុមារ(ក្នុងរូបភាពដើរសុំទាន)។

មុននឹងឈានដល់ការឃាត់ខ្លួនស្រ្តីសង្ស័យខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនធ្វើការស្រាវជ្រាវ ជាច្រើនថ្ងៃ រហូតដល់ស៊ីជម្រៅ បានចុះទៅឃាត់ខ្លួនស្រ្តីសង្ស័យ និងកុមារចំនួន៦នាក់ បានភ្លាមៗតែម្ដង នាំមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្ន ស្រ្តីសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននាំមកសាកសួរ រួចឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ចំណែកកុមារទាំង៦នាក់ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕
ប្រភព៖ btv