ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៧ ព្រឹកនេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា រកឃើញមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ទៀត ដែលទើបត្រឡប់មកពីចូលរួមសិក្សាសាសនានៅប្រទេសថៃ ខណៈដែលថ្ងៃនេះដែរ មានអ្នកជំងឺកូវីដ១៩ ម្នាក់បានជាសះស្បើយថែមទៀត។
ក្រសួងសុខាភិបាល បានឲ្យថា ចំនួនអ្នកព្យាបាលជាសៈស្បើយសរុបទូទាំងប្រទេសមានចំនួន ១២៣នាក់ (ស្មើរនឹង៩៨,៤០ភាគរយ ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ ទាំងអស់) នៅក្នុងចំនួននេះមានស្រី៣៩នាក់ និងបុរស៨៤នាក់។ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ នៅថ្នាក់ជាតិនិងថ្នាក់ខេត្ត មានចំនួន០២នាក់ (ជាបុរស) ៖
-បុរសជនជាតិខ្មែរ០១នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
-បុរសជនជាតិខ្មែរម្នាក់ទៀត ជាករណីវិជ្ជាមានខាងក្រោមនេះ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី នៃខេត្តបន្ទាយមានជ័យ
-អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៥នាក់ (ស្រ្តី៣៩នាក់ និងបុរស៨៦នាក់)។
ករណីវិជ្ជមានកូវីដ-១៩ ថ្មី មាន០១នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ៖
- បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ រស់នៅក្នុងភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុងត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកដែលបានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយបានធ្វើដំណើរតាមរថយន្តទេសចរណ៍ ១២កៅអី(មានតែក្រុមគាត់ ១០នាក់ និងអ្នកបើកបរ) រហូតមកដល់ច្រកចូលអូរបីជាន់ រួចបានឆ្លងចូលមកកម្ពុជានៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នបុរសខាងលើនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យនៅថ្ងៃដដែលនេះរួចហើយដែរ។ បុរស០៨នាក់ផ្សេងទៀត មានតេស្តអវិជ្ជមាន កំពុងដាក់បន្តធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡឺស័ករបស់ខេត្ត។ រីឯបុរសម្នាក់ទៀត កំពុងរងចាំយកវត្ថុសំណាកទៅធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ឡើងវិញ ហើយរូបគាត់ត្រូវបានដាក់ឲ្យនៅតាមដាននៅក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យនាពេលបច្ចុប្បន្ននេះ។