សម័យទុកចិត្តមិនបានមែន...សមត្ថកិច្ច ឃាត់ខ្លួនស្រ្តីម្នាក់ ពីបទ ឆបោកលុយទិញដីបង់រំលស់ យកទៅ...
ស៊ីហៀង
-

ភ្នំពេញ៖ នគរបាលផ្នែកព្រហ្មទណ្ឌរបស់អធិការដ្ឋានខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនស្ត្រីសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយដើមបណ្តឹងជនរងគ្រោះ ប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួននៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ។

ស្រ្តីជនសង្ស័យមានឈ្មោះថា សួន មករា អាយុ៣៦ឆ្នាំ មុខរបរអ្នកគក់ជេរទិញ-លក់ដីឡូត៍ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥៩២ ក្រុមទី៣១ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះថា ឈួ ទូច ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បបរស្នាក់នៅផ្ទះ ប្លុកវីឡា៥៦ ផ្លូវលេខ៥៩២ ក្រុមទី៣១ ភូមិ៧ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្តឹងទៅសមត្ថកិច្ច ឲ្យឃាត់ខ្លួនជនសង្ស័យ សួន មករា  ដោយសារតែជនសង្ស័យរូបនេះ បានយកលុយដែល ជនរងគ្រោះទៅទិញដីឡូត៍ យកទៅចាយវាយអស់ហើយគេចខ្លួនបាត់។

លោកខាត់ ខុនទិត្យ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ឃាត់ខ្លួនជនសង្ស័យនៅចំណុចតូបលក់បបរផ្លូវលេខ៣១៧ ក្រុមទី២៦ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំពោះវត្ថុតាង ដែលជនរងគ្រោះមាន ៖ វិក័យប័ត្រវ៉ីងវេរលុយចំនួន ០៣សន្លឹក, វិក័យប័ត្រទ្រូម៉ាន់នី ចំនួន០៤សន្លឹក, វិក័យប័ត្ររបស់ជនរងគ្រោះវេរលុយទៅឲ្យជនសង្ស័យឈ្មោះសួន មករា សំរាប់បង់ប្រាក់ជាដំណាក់កាលឲ្យក្រុមហ៊ុនលក់ដីឡូត៍ (ទទួលពីឈ្មោះ ឈួ ទូច)។បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការតាមនីតិវិធីច្បាប់៕