ដំណឹងល្អ! កម្មកររោងចក្រ ចំនួន៤៩ ៩៦០នាក់ អាចទៅបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានការផ្ញើសារចូលទូរសព្ទ
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ៤៩ ៩៦០នាក់ នៃរោងចក្រ សហគ្រាសទាំង១៦៥ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ឲ្យទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ ក្រសួងការងារអំពាវនាវឲ្យបងប្អូនកម្មករនៃរោងចក្រសហគ្រាសទាំង១៦៥ ទៅបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល នៅតាមភ្នាក់ងារវីង (Wing) បន្ទាប់ពីទទួលបានសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាល រោងចក្រ សហគ្រាសនាពេលកន្លងមក។

ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖

១. ៦១ ៥០០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ។

២. ១២៣ ០០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ។

៣. ១៦៤ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។

ដើម្បីចៀសវាងការលំបាក ក្នុងការបង្វិលថវិកាសងរាជរដ្ឋាភិបាលវិញ ក្នុងករណីរោងចក្រ សហគ្រាសសុំចូលធ្វើការ មុនកាលកំណត់នៃរយៈពេលព្យួរកិច្ចសន្យាការងារ នោះប្រាក់ឧបត្ថម្ភនឹងត្រូវចែកចេញជា២ដង សម្រាប់បងប្អូន ដែលព្យួរកិច្ចសន្យាការងារចាប់ពី២១ថ្ងៃ ដល់ ១ខែ, និងត្រូវបែងចែកជា៤ដង សម្រាប់បងប្អូនដែលព្យួរកiច្ចសន្យាការងាររយៈពេល ២ខែ ដោយក្នុង១ដង ស្មើនឹងថវិកាចំនួន ៨២ ០០០រៀល (២០ដុល្លារអាមេរិក)។

ក្រសួងការងាបញ្ជាក់ទៀតថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។

សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវា ទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។ ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង១៦៥នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់។