ជីវៈចម្រុះ Biodiversity​ គឺជាប្រធានបទសកលសម្រាប់អបអរទិវាបរិស្ថានពិភពលោក ៥ មិថុនា
ស៊ីហៀង
-

បើយោងតាមផេកផ្លូវការ របស់លោក ក្រសួងបរិស្ថាន បានបង្ហោះសារឲ្យដឹងថា "“សូមចូលរួមអភិរក្សជីវៈចម្រុះ ដើម្បីយើងទាំងអស់គ្នា” ជីវៈចម្រុះ Biodiversity​ គឺជាប្រធានបទសកលសម្រាប់អបអរទិវាបរិស្ថានពិភពលោក ៥ មិថុនា នៅឆ្នាំ ២០២០ នេះ។

ជីវៈចម្រុះ សំដៅដល់ (១)ជីវិតដ៏សម្បូរបែបខុសៗគ្នាទាំឡាយនៅលើភពផែនដី រួមមានរុក្ខជាតិ និងសត្វប្រមាណ ៨លានប្រភេទ (២)បណ្តាប្រព័ន្ធអេកូឡូស៊ីដែលផ្តល់ជាជម្រកឲ្យរុក្ខជាតិ និងសត្វទាំងនោះអាចរស់រានមានជីវិតបាន និង(៣)នានាភាពសែន(Genetic diversity) ក្នុងចំណោមជីវិតទាំងនោះ។

គេអាចប្រដូច “ជីវៈចម្រុះ” ទៅជាប្រព័ន្ធដ៏សាំញ៉ាំ និងមានអន្តរទំនាក់ទំនងស្មុកស្មាញ ដែលរាល់ជីវិតទាំងឡាយ សុទ្ធតែសំខាន់នៅក្នុងប្រព័ន្ធនោះ នៅក្នុងទិដ្ឋភាពណាមួយ។ អាហារដែលយើងបរិភោគ ខ្យល់ដែលយើងដកដង្ហើម ទឹកដែលយើងផឹក និងអាកាសធាតុដែលធ្វើឲ្យភពផែនដីយើងអាចរស់នៅបាន សុទ្ធតែត្រូវបានបង្កើតឡើងដោយធម្មជាតិ។

សកម្មភាពមនុស្ស កំពុងមានឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ជីវៈច្រុះនៅលើភពផែនដី។ គ្រាន់តែចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ គម្របព្រៃឈើ ប្រមាណ ៣២លានហិកតា ត្រូវបានបាត់បង់ និងក្នុងរយៈពេល ១៥០ឆ្នាំ ចុងក្រោយនេះ គម្របផ្កាថ្មសមុទ្រ បានបាត់បង់ប្រមាណពាក់កណ្តាល។ ចំណែកឯ ផ្ទាំងទឹកក(Glacial ice) នៅតំបន់ប៉ូល ក៏កំពុងរលាយក្នុងល្បឿនមួយដ៏លឿន ស្របពេលដែលកម្រិតអាស៊ីតទឹកសមុទ្រកើនឡើងកាន់តែខ្ពស់ គំរាមកំហែងដល់ផលិតភាពជីវិតនានា។

យើងកំពុងស្ថិតនៅក្បែរបន្ទាត់ក្រហមនៃការវិនាសផុតពូជទ្រង់ទ្រាយធំ ហើយប្រសិនបើយើងនៅតែបន្តតាមលំនាំនេះ ការបាត់បង់ជីវៈចម្រុះ នឹងនាំមកនូវផលប៉ះពាល់ធ្ងន់ធ្ងរត្រឡប់មកវិញ ដល់ការរស់រានរបស់មនុស្សផ្ទាល់ នោះគឺការវិនាសនៃដំណើរការផលិតអាហារ និងប្រព័ន្ធសុខភាព ដែលផ្តល់ដោយធម្មជាតិ។

ដូច្នេះ ការអភិរក្សជីវៈចម្រុះ គឺជាផ្លូវតែមួយគត់ដើម្បីការពារភពផែនដីដ៏ស្រស់បំព្រង និងរក្សាបាននូវសេវាកម្មធម្មជាតិដែលផ្តល់ឲ្យយើងរាល់គ្នា។ នេះ ទាមទារឲ្យយើងយល់អំពីដំណើរនៃប្រព័ន្ធជីវិតស្មុកស្មាញ និងអាស្រ័យប្រទាក់ក្រឡាគ្នា ហើយនីមួយៗសុទ្ធតែមានតួនាទីក្នុងធម្មជាតិ។

ប្រភព៖ UN Environment Program