នៅមុននេះបន្តិច ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា "ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង មានកិត្តយសសូមជម្រាបជូនសាធារណ:ជន ពិសេសបងប្អូនដែលនិយមប្រេី ប្រាស់បណ្តាញសង្គមបានជ្រាបបន្ថែមថានៅព្រឹកថ្ងៃ ព្រហ្បត្តិ ១៤កើត ខែ ជេស្ឋឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០២០ នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Socheata Pen បានចូលខ្លួនមកបំភ្លឺជុំវិញការសរសេរខ្លឹមសារបង្ហោះដោយភ្ជាប់រូបភាពមន្រ្តីនគរបាលចរាចរណ៍ក្នុងកណីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២០នោះហេីយ។

នៅចំពោះមុខការសាកសួរបំភ្លឺនេះ ម្ចាស់គណនីខាងលេីដែលមានឈ្មោះពិតថា ប៉ែន សុជាតា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្នុងក្រុងបាត់ដំបង បានសារភាពទទួលស្គាល់កំហុសថា គាត់ពិតជាមានចេតនាសរសេរខ្លឹមសារ ម្រមាថ មាក់ងាយចំពោះមន្រ្តីនគរបាលចរាចរណ៍ដែលកំពុងឈរបំពេញភារកិច្ចតាមដងផ្លូវប្រាកដមែន ព្រោះតែរូបគាត់(ខឹង)ចំពោះមន្រ្តីនគរបាលចរាចរណ៍បានធ្វេីការផាកពិន័យគាត់ដោយសាររូបគាត់បាន(ប្រេីប្រាស់ទូរស័ព្ទដៃដោយមិនមានភ្ជាប់ឧបករណ៍ទំនាក់ទំនង)ក្នុងពេលកំពុងបញ្ជាយានកាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ប៉ុន្តែគាត់ពុំទាន់បានបង់ប្រាក់ពិន័យនៅឡេីយទេ។

ជាមួយនឹងការទទួលស្គាល់កំហុសនេះ សាមីខ្លួនបានធ្វេីលិខិតសុំការអភ័យទោសចំពោះកំហុសឆ្គងរបស់គាត់ចំពោះកងកម្លាំងនគរបាលជាតិទូទៅពិសេសនគរបាលចរាចរណ៍ក៏ដូចជាអ្នកប្រេីប្រាស់បណ្តាញសង្គមទូទៅដែលគាត់បានប្រេីប្រាស់ពាក្យសំដីមិនសមរម្យជាមួយនៅក្នុងរឿងនេះ។

ទោះជាយ៉ាងណាក៏ដោយ សិទ្ធិក្នុងការសម្រេចចំពោះចំណាត់ការលេីករណីនេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននឹងពិនិត្យ ពិចារណាសម្រេចនៅពេលបន្ទាប់។ សេចក្តីដូចបានជម្រាបជូនខាងលេី សូមសាធារណ:ជន មេត្តាជ្រាប និងសូមបន្តចូលរួម សហការណ៍ជាមួយសមត្ថកិច្ចនគរបាលនិងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវនិងខ្ជាប់ ខ្ជួនទាំងអស់គ្នា ដោយសេចក្តីគោរពបំផុត"៕








ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង