ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បានរៀបចំអង្គប្រជុំពិភាក្សាលើប្រធានបទ "ជ្រូកឡើងថ្លៃខុសប្រក្រតី"។ ករណីនេះអគ្គនាយកដ្ឋានសូមធ្វើការបញ្ជាក់ជូនសាធារណៈជន ក៏ដូចជាសារព័ត៏មានទាំងអស់មេត្តាសូមជ្រាបដូចខាងក្រោម៖
ការគ្រប់គ្រងការនាំចូលជ្រូករស់ពីបរទេសមកផ្គត់ផ្គង់ទីផ្សារព្រះរាជាណាចក្រកម្ពុជាមិនពាក់ព័ន្ធនឹងអំពើពុករលួយឡើងផ្ទុយទៅវិញទទួលបានការសាទរពីសមាគមចិញ្ចឹមសត្វកម្ពុជា ហើយបានជំរុញ និងលើកទឹកចិត្តសមាជិកសមាគម ក៏ដូចជាកសិករ ឲ្យធ្វើការពង្រីកកសិដ្ឋានចិញ្ចឹមសត្វ និងការចិញ្ចឹមជាលក្ខណៈគ្រួសារ។ ជាក់ស្តែងរយៈពេល៥ខែដើមឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានទទួលបានការស្នើរសុំបង្កើតកសិដ្ឋាន២៣កន្លែង (ខាតធំ៧ កន្លែងខ្នាតមធ្យម ២ កន្លែងនិងខ្នាតតូច ១៤កន្លែង) បើធៀបនឹងឆ្នាំ២០១៩ ពេញមួយឆ្នាំទទួលបានការស្នើរសុំបង្កើតកសិដ្ឋានតែចំនួន១០កន្លែងប៉ុណ្ណោះ។ រីឯការនាំចូលមេជ្រូកពូជមានចំនួន១៤ ០០០ក្បាល ក្នុងរយៈពេល៥ខែដើមឆ្នាំ ២០២០ ដែលមានការកើនឡើងខ្ពស់បើធៀបនឹងឆ្នាំ២០១៩ គឺការនាំចូលមានត្រឹម៧ ៨៤០ក្បាល និងកូនជ្រូកពូជ នាំចូលរយៈពេល៥ខែ ដើមឆ្នាំ២០២០ មានចំនួន៨៨ ៨៧០ក្បាលនាំចូលរយៈពេល៥ខែដើម ឆ្នាំ២០២០ ហើយការនាំចូលដើម្បីបំពេញតម្រូវការក្នុងប្រទេស សម្រាប់រយៈពេញមួយឆ្នាំ២០១៩ មានចំនួនត្រឹមតែ ២២ ១៨៥ក្បាលប៉ុណ្ណោះ។
ក្នុងរយៈពេលជា៥ខែ ដើមឆ្នាំ២០២០នេះ តម្លៃជ្រូករស់មានចន្លោះពី១១ ០០០រៀលទៅ ១២ ០០០រៀល/គ.ក ហើយការកើនតម្លៃជ្រូករស់ដល់ ១៤ ២០០រៀល/ គ.ក ទើបតែកើត ឡើងពី២ ទៅ៣ថ្ងៃនេះ ហើយកើតមាននៅតាមកន្លែងមួយចំនួនប៉ុណ្ណោះ។
ការលក់សាច់ជ្រូកនៅលើទីផ្សារថ្លៃចន្លោះពី១៨ ០០០ទៅ២២ ០០០រៀល/គីឡូក្រាម គឺដោយសាក្នុងដំណាក់កាលផ្ទុះជំងឺកូវីដ ១៩ កម្មវិធីជួបជុំធំៗ និងពិធីផ្សេងៗ មិនត្រូវបានរៀបចំ ហើយភោជនីយដ្ឋាន នានា មិនត្រូវបានដំណើរការ ធ្វើឲ្យអាជីវករលក់តែសាច់ជ្រូកសុទ្ធនៅលើទីផ្សារ ចំណែកឯឆ្អឹង ជើង និងគ្រឿងក្នុងមិនត្រូវបានប្រើប្រាស់ឲ្យអស់លទ្ធភាពនោះឡើយ។ ដូចនេះតម្លៃដែលអាជីវករអាចលក់រកប្រាក់ចំណេញបាន គឺត្រូវបូកបញ្ចូលថ្លៃទាំងអស់មកលើសាច់តែម្តង។
លទ្ធិភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតាមរយៈការចិញ្ចឹមតាមកសិដ្ឋាន និងតាមគ្រួសារក្នុងឆ្នាំ២០២០ មានចំនួន៥ ៨០០ក្បាល/ថ្ងៃ និងមានការនាំចូលបំពេញបន្ថែមចន្លោះពីចំនួន២ ៣៥០ក្បាល ទៅ៤ ៤០០ក្បាល/ថ្ងៃ ទៅតាមតម្រូវការតិច ឬច្រើន។ ការផ្តល់គោលការណ៍នាំចូលនាពេលបច្ចុប្បន្ននេះមានចំនួន៦ ៣០០ក្បាល /ថ្ងៃ គឺបាននាំចូលលើសពីតម្រូវការជាក់ស្តែងចំនួន១ ៩០០ក្បាល/ថ្ងៃ សម្រាប់តម្រូវការការខ្ពស់។ ដូចនេះមិនមានហេតុផលណា ដែលថាការរិតត្បិតដោយការកាត់បន្ថយចំនួន និងការបញ្ចប់គោលការណ៍ នាំចូលក្រុមហ៊ុនមួយដែលអនុវត្តខុសច្បាប់ដើម្បីនាំចូលជ្រូករស់ពីក្រៅប្រទេសមកផ្គត់ផ្គង់ទីផ្សារព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យថ្លៃសាច់ជ្រូក លើទីផ្សារឡើងថ្លៃនោះទេ។
សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពុំដែលអនុញ្ញាតផ្តល់គោលការណ៍ នាំចូលជ្រករស់ឲ្យក្រុមហ៊ុនណាមួយផ្តាច់មុខនោះទេ។ ហើយអគ្គនាយកដ្ឋានបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករបង្កើនការចិញ្ចឹមជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកបន្ថែមទៀតរហូតដល់កាត់បន្ថយការនាំចូលជ្រូករស់មកត្រឹមកម្រិតអប្បបរមា។