រដ្ឋបាលខេត្ត​សៀមរាប​ បានចាប់ដំណើរការ សាងសង់ផ្លូវបេតុងខាងកើតធនាគារអេស៉ីលីដា ដោយមានការស្ម័គ្រចិត្ត​រុះរេីរបងដែលប៉ះពាល់ដីចំណីផ្លូវ
-

ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប គម្រោងផ្លូវ និងលូជាច្រើនត្រូវលើកផែនការ និងសាងសង់ជាបន្តបន្ទាប់។

ជាក់ស្តែងនៅថ្ងៃ​ទី១១​ ខែមិថុនា​ ឆ្នាំ​២០២០ ក្រុមការងារចម្រុះរដ្ឋបាលខេត្តបាន​ និងកំពុងដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវ​បេតុង​ ទទឹង​ ៦​ម៉ែត្រ​ កម្រាស់​ ២០សង់ទីម៉ែត្រ​​ ប​ណ្ដោយ​ប្រវែង​ ៨៣០ម៉ែត្រ​​ កប់លូរំដោះទឹក​កណ្តាល​ទ្រូងផ្លូវ​ មុខកាត់​ ០.៨ម៉ែត្រ​ នៅភូមិធ្លកអណ្ដូង​(ជាប់របង​ ធនាគារ​ អេស៊ីលីដា​ ភីអិលស៊ី​ សាខាផ្សារលេី)​ សង្កាត់​ស្លរក្រាម​ ក្រុងសៀមរាប​​ និងមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយ គណៈកម្មការរដ្ឋបាលខេត្ត​។

ការរុះរេីរបងប៉ះពាល់ដីចំណីផ្លូវ គឺជាសកម្មភាពគំរូរបស់បងប្អូនប្រជាពលរដ្ឋ​ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ ថ្នាក់ដឹកនាំខេត្ត​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនេះដែលបានចូលរួមសហការជាមួយអាជ្ញាធរខេត្ត​ អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។

អាស្រ័យ​ដោយគម្រោងកំពុងដំណេីរការសាងសង់​ ដូចនេះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រេីប្រាស់​ និងធ្វេីចរាចរណ៍តាមបណ្ដោយផ្លូវនេះ​ សូមបង្វែរមកធ្វេីចរាចរណ៍តាមផ្លូវភោជនីយដ្ឋានស្យ៉ាមស៊ីហ៊្វូត​ ឬតាមផ្លូវ​ ៦០ម៉ែត្រ​វិញ។

សូមបញ្ជាក់ថា​ ទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប​ បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាពតាមរយៈសេចក្តីសម្រេចសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប