លោក សូប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនានេះថា កាលពីថ្ងៃទី០៨ ខែមិថុនា មានត្រីប្រាប្រមាណជា១៣ក្បាលបានងាប់ជាបន្តបន្ទាប់ មូលហេតុដោយសារទឹកនៅកសិន្ទុប្រាសាទបានរីងហួតរាក់ធ្វើឱ្យទឹកឡើងកម្តៅ ។ ដោយពិនិត្យឃើញហេតុការណ៍បែបនេះ កាលពីថ្ងៃទី១០ ខែមិថុនា កន្លងមកនេះ អាជ្ញាធរស្រុក និងអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងបានរិះរកវិធានការដោះស្រាយជាបន្ទាន់ដោយស្នើសុំរថយន្តពន្លត់អគ្គីភ័យពីស្នងការនគរបាល និងស្ថាប័នផ្សេងៗ ចំនួន៥គ្រឿង ដើម្បីដឹកទឹកយកមកបញ្ចូលក្នុងកសិន្ធុប្រាសាទបាគង ចាប់ពីរសៀលថ្ងៃទី១០ ខែមិថុនារហូតមក ក្នុងការសង្រ្គោះត្រី ដែលនៅសេសសល់។

លោក សូប្លាតុង បានបញ្ជាក់ថា ដើម្បីសង្គ្រោះត្រី ដែលនៅសេសសល់ អាជ្ញាធរបានដាក់ចេញនូវវិធានការចំនួន៣ចំណុចក្នុងនោះទី១សមត្ថកិច្ចបានយករថយន្តដឹកទឹកពីក្រៅ មកបញ្ចូលក្នុងកសិន្ធុ ដើម្បីឱ្យត្រីនៅសេសសល់អាចបន្តរស់បាន ទី២ការបុកអណ្តូងទឹកដើម្បីបូមទឹកបញ្ជូលទៅក្នុងកសិន្ធុនេះ និងទី៣កម្លាំងប្រជាការពារពី៥០ទៅ៦០នាក់ បន្តកាយភក់ចេញ ដើម្បីឱ្យជ្រៅបន្តិច ហើយនៅថ្ងៃបន្តបន្ទាបើ នឹងមានកម្លាំងពីអាជ្ញាធរអប្សរាចូលរួមជាមួយបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទ០៨ខែមិថុនាប្រជាពលរដ្ឋរួមជាមួយព្រះសង្ឃបានប្រទះឃើញត្រីងាប់ជាបន្តបន្ទាប់ ដោយសារតែទឹកក្នុងកសិន្ធុប្រាសាទបាគងរីងរាក់ធ្វើឡើងកម្តៅ។ ក្នុងនោះមានត្រីមួយចំនួនត្រូវបានយកទៅដាក់នូវស្រះផ្សេង និងបានយកសត្វកន្ទាយដ៏ធំមួយទៅប្រោះទុកនៅអាងក្នុងវត្តផងដែរ៕
អត្ថបទ និងរូបភាព: លោក បូសាវី កែសម្រួលដោយ លីវ សុខុន








