នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីបានទទួលព័ត៌មានពីការពុលស្រាថ្នាំចិនសែ នៅខេត្តបន្ទាយមានជ័យនាពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប. បានកំណត់យកវិធានការណ៍ចំនួន ៣ សម្រាប់បើកយុទ្ធនាការទ្រង់ទ្រាយធំនៅទូទាំងប្រទេស។

វិធានការណ៍ទី ១ បើកការស្រាវជ្រាវ និងស៊ើបអង្កេត កន្លែងកើតហេតុស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដោយបានសាកសួរព័ត៌មាន និងយកគំរូសំណាកស្រាថ្នាំចិនសែនេះ មកវិភាគនៅរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងមន្ទីរពិសោធន៍ខា្នតតូចរបស់សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល មន្ត្រីជំនាញបានធ្វើតេស្តរកឃើញសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ជាង ០.៣៥% ដែលជាអត្រាខ្ពស់អាចបណ្ដាលឱ្យស្លា ប់បាន ប្រសិនបើទទួលទានច្រើន។

វិធានការណ៍ទី ២ មន្ត្រីជំនាញ ក.ប.ប. បានបើកប្រតិបត្តិការបង្រ្កាបទីតាំងផលិត និងចែកចាយស្រាថ្នាំចិនសែនេះ ដោយសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំបើកទីតាំងផលិត ដើម្បីស្វែងរកវត្ថុតាង និងរឹបអូសផលិតផលស្រាថ្នាំចិនសែទាំងនោះ។

វិធានការណ៍ទី ៣ អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាឱ្យសាខា ក.ប.ប. រាជធានី-ខេត្ត ទាំងអស់ ប្រមូលត្រលប់មកវិញនូវស្រាថ្នាំចិនសែយីហោ «តាំង គួយ» ដែលមានការសង្ស័យមានហានិភ័យដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកប្រើប្រាស់។
របាយការណ៍បណ្តោះអាសន្ន ប្រតិបត្តិការទូទាំងប្រទេស មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរឹបអូសបានស្រាថ្នាំចិនសែយីហោ «តាំង គួយ» បានចំនួន ១៣,៩៨៩ ដប ស្នើនឹង ៦,៩៩៤.៥០ លីត្រ។

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ផ្អាកទទួលទានស្រាថ្នាំចិនសែ «តាំង គួយ» នេះ ជាពិសេស សូមកុំប្រើប្រាស់ ឬទទួលទានស្រា ឬផលិតផលណាដែលពុំមានស្លាកសញ្ញាច្បាស់លាស់។ ក្នុងករណីសង្ស័យថាមានបញ្ហា សូមទំនាក់ទំនងមកកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ តាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ២៣១ ៨៥៦ ឬ (+៨៥៥) ៩២ ៨៣០ ៨៥៦៕





