ជនពិការទីទ័លក្រចំនួន ៣០គ្រួសារ មកឃុំខ្នារសណ្ដាយ និងឃុំឃុនរាម បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ពីសំណាក់លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប នៅវត្តសិលាចារ្យបន្ទាយស្រី ស្រុកបន្ទាយស្រី។

ស្ថិតនៅក្នុងជំពូកក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះរួចស្រាប់ទៅហើយ ជនពិការទីទ័លក្ររឹតតែជួបបញ្ហាលំបាកបន្ថែមទៀត ក្នុងកាលៈទេសៈដែលមានការផ្លាស់ប្តូរជាអវិជ្ជមានដូចជាករណីជំងឺកូវីដ១៩នេះ។ ដោយហេតុតែជីវិតប្រចាំថ្ងៃរបស់ពួកគាត់ភាគច្រើនពឹងផ្អែកយ៉ាងខ្លាំងទៅលើការជួយជ្រោមជ្រែងពីអ្នកដទៃ ការបាត់បង់ប្រាក់ចំណូលរឺការងារពីសំណាក់សមាជិកក្រុមគ្រួសារដែលគាំទ្រពួកគាត់ ដាក់សម្ពាធរឹតតែខ្លាំងមកលើជីវភាពប្រចាំថ្ងៃផង និងលទ្ធភាពនៃការការពារសុខភាពផង។ ហេតុដូច្នេះហើយទើបកាកបាទក្រហមកម្ពុជាផ្តល់អាទិភាពជូនជនពិកាទីទ័លក្រ ក្នុងការទទួលអំណោយមនុស្សធម៌នៅក្នុងពេលដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។

លោកជំទាវអនុប្រធានសាខាក៏បានជំរុញលើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋទាំងនេះ ពិចារណាលើការងារកសិកម្មដើម្បីជួយទ្រទ្រង់ជីវភាពបន្ថែម ដូចជាការដាំបន្លែតាមផ្ទះនិងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ព្រោះស្រុកបន្ទាយស្រីគឺជាស្រុកដែលមានសក្តានុពលធំលើវិស័យកសិកម្ម។

ជួសមុខអោយប្រជាពលរដ្ឋងាយរងគ្រោះក្នុងស្រុកបន្ទាយស្រី ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះលោកជំទាវ ទាង អេង ទៀ សីហា ដែលបានយកចិត្តទុកដាក់ គាំពារ និងលើកកម្ពស់សុខមាលភាពរបស់ជនពិការនៅក្នុងស្រុកបន្ទាយស្រី ទាំងក្នុងតួនាទីកាកបាទក្រហមផង និងក្នុងសណ្តានចិត្តផ្ទាល់ខ្លួនផង។

*** អំណោយសរុបរួមមាន៖ ថវិកា ២,៧០០,០០០ រៀល ,អង្ករ ២៧០គីឡូ ,ត្រីខ ៣០យួរ ,មី ៣០កេះ ,ក្រមា ៣០ និងឃីតអនាម័យ ៣០កញ្ចប់។























ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan