អង្គការ Agrisud ចែកដើមឈើហូបផ្លែចម្រុះជាង១០០០ដើម ជូនដល់កសិករចំនួន២២គ្រួសារ មកពីឃុំត្បែង ក្នុងស្រុក...
-

ការដាំបន្លែ ដើមឈើហូបផ្លែ និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ គឺជាអាទិភាពសំខាន់ដែលរដ្ឋបាលស្រុកកំពុងជម្រុញអោយមានការផុសផុលនៅតាមបណ្តាភូមិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក និងធានាបាននូវសន្តិសុខស្បៀងអាហារនៅក្នុងគ្រួសារនីមួយៗ ជាពិសេសនៅក្នុងកាលៈទេសៈដែលមានហានិភ័យនៃផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចដោយសារជម្ងឺកូវីដ១៩។ រដ្ឋបាលស្រុកក៏កំពុងសហការជាមួយមន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម និងអង្គការដៃគូមួយចំនួនទៀត ដូចជា Agrisud ដើម្បីបង្កបរិយាកាសអំណោយផលដល់ការរីកដុះដាលនៃវិស័យកសិកម្មនៅក្នុងស្រុកបន្ទាយស្រីផងដែរ។

ក្នុងនាមជាស្រុកដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ផង និងកសិកម្មផង “កសិទេសចរណ៍”គឺជាចក្ខុវិស័យវែងឆ្ងាយដែលអាចនឹងរុញច្រានអោយស្រុកបន្ទាយស្រីផ្លាស់ប្តូរមុខមាត់របស់ខ្លួន លើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក។ ប៉ុន្តែចក្ខុវិស័យនេះទាមទារអោយមានការតម្រង់ទិសជាយុទ្ធសាស្ត្រ ដើម្បីអោយស្រុកបន្ទាយស្រីមានកសិផលដែលអាច”នាំចេញនៅនឹងកន្លែង”ផង និងក្លាយជាតំបន់ដែលមានភាពទាក់ទាញនិងបម្រើអោយវិស័យទេសចរណ៍ផង។

កាលានុវត្តភាពក្នុងវិស័យកសិកម្មនៃការ”នាំចេញនៅនឹងកន្លែង” ទៅកាន់ភ្ញៀវទេសចរដែលមកទស្សនាក្នុងខេត្តសៀមរាបមានទំហំធំធេងណាស់ ព្រោះបច្ចុប្បន្ននេះ សាច់ និងបន្លែផ្លែឈើ ដែលផ្គត់ផ្គង់នៅលើទីផ្សារខេត្តសៀមរាប អាចត្រូវបាននាំចូលរហូតដល់ទៅ៨០%ឯណោះ ប៉ុន្តែវាក៏ទាមទារអោយមានការសិក្សាអោយបានច្បាស់លាស់ពីតម្រូវការទីផ្សារជាមុនផងដែរ។ ដោយហេតុតែបន្ទាយស្រីមានទីតាំងភូមិសាស្ត្រ នៅជាប់នឹងក្រុងសៀមរាប ខ្ញុំពិតជាចង់ឃើញអ្នកបន្ទាយស្រី ងាកមកចាប់យកការដាំបន្លែផ្លែឈើ ព្រមទាំងការចិញ្ចឹមសត្វ ដែលបំពេញតម្រូវការរបស់ភ្ញៀវទេសចរអោយបានកាន់តែច្រើន ព្រោះវាស្ថិតនៅកៀកនឹងខ្លួនយើងស្រេច ជាជាងពឹងផ្អែកទៅកសិផលដែលតម្រូវអោយធ្វើការនាំចេញទៅតំបន់ឆ្ងាយ ដែលពិបាកនឹងជួយរកទីផ្សារ ហើយមានតម្លៃប្រែប្រួលពិបាកកំណត់មុនបាន។

ដើមឈើហូបផ្លែដែលផ្តល់ជូនមានដូចជា៖ ក្រូចឆ្មា ក្រូចពោធិសាត់ ក្រូចឆៃវ៉ាន់ ទុរេន សាវម៉ាវ តាង៉ែន ដូងតឿ ខ្នុរការ៉ុត ល្មុត និងម៉ាក់ប្រាងជាដើម។ ដើម្បីទទួលបានដើមឈើទាំងនេះ កសិករទាំងអស់ត្រូវចុះឈ្មោះ និងឆ្លងកាត់វគ្គបង្រៀនពីបច្ចេកទេសដាំនិងការថែទាំរយៈពេល៥ថ្ងៃ។ គ្រួសារនីមួយៗនឹងត្រូវបានផ្តល់ជូនពូជកូនឈើហូបផ្លែដោយឥតគិតថ្លៃ ដោយយោងទៅតាមការចង់បានរបស់ពួកគាត់ផង កត្តាអំណោយភូមិសាស្ត្រផង និងដំណាំជាយុទ្ធសាស្ត្រសម្រាប់ទីផ្សារផង។ ក្រុមការងារក៏នឹងបន្តតាមដានលទ្ធផលបន្ថែមទៀតបន្ទាប់ពីបានយកទៅដាំរួចផងដែរ។

ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan