ខែមិថុនានេះ គឺជាខែដែលអនុសាខាកាកបាទក្រហមស្រុកបន្ទាយស្រី មានការមមាញឹកយ៉ាងខ្លាំង តំណាងអោយ ឯកឧត្តម ទៀ សីហា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បំពេញតួនាទីក្នុងការងារមនុស្សធម៌ ជាពិសេសដោះស្រាយបញ្ហាដែលបណ្តាលអោយមានការខូចខាតប៉ះពាល់ទៅដល់ផ្ទះសម្បែង និងទីជម្រករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក។
ប៉ុន្តែអ្វីដែលគួរអោយរំភើបចិត្តនោះគឺ មានសប្បុរសជនជាច្រើន និងព្រះសង្ឃមកពីវត្តផ្សេងៗគ្នានៅក្នុងស្រុកបន្ទាយស្រី ដែលតែងបានស្ម័គ្រចិត្តចូលរួមបន្ថែមជាមួយកាកបាទក្រហមលើការងារមនុស្សធម៌នេះ នាំយកសម្ភារៈបរិក្ខានិងបច្ច័យពីវត្តផង ផ្ទាល់ខ្លួនផង ដើម្បីបូករួមគ្នា ជួយដោះស្រាយ និងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ន។ ដូច្នេះហើយបានជារហូតមកដល់ពេលនេះ មិនមានលំនៅដ្ឋានដែលរងការខូចខាតមួយណា ដែលមិនត្រូវបានដោះស្រាយ និងជួយសាងសង់ជូនវិញនោះទេ។
ខ្ញុំនិងលោកពូប្រធានក្រុមប្រឹក្សាស្រុក ក៏បានឆ្លៀតឱកាសចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនមន្ត្រីរបស់អធិការដ្ឋានស្រុកដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ និងមន្ត្រីរបស់រដ្ឋបាលស្រុកដែលបានរងរបួសបាក់ដៃក្នុងពេលបំពេញតួនាទីភារកិច្ចផងដែរ។
ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan