នៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ ថ្មីម្នាក់ទៀតហើយ លើបុរសជនជាតិខ្មែរ ដែលធ្វើដំណើរពីអាមេរិកត្រឡប់មកកម្ពុជា
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក ធ្វើដំណើរពីអាមេរិកត្រឡប់មកកម្ពុជា។ 

គិតត្រឹមម៉ោង០៧ ព្រឹកថ្ងទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មាន៖ 

-ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទាំងប្រទេសមានចំនួន១២៧នាក់ នៅក្នុងចំនួននោះ មានស្រី៣៩នាក់ និងបុរស៨៨នាក់។

-អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០៣នាក់ (ជាបុរស)

-អ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១៣០នាក់ (ស្ត្រី៣៩នាក់ និងបុរស ៩១នាក់)។

ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសខ្មែរ មានសញ្ជាតិអាមេរិកកាំងនេះ មានអាយុ៦៦ឆ្នាំ (រស់នៅសហរដ្ឋអាមេរិក) មានអាសយដ្ឋានស្នាក់ នៅភូមិដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។

ក្រសួងបានបញ្ជាក់ឲ្យដឹងទៀតថា ជើងហោះហើរដែលរកឃើញបុរសជនជាតិខ្មែរមានជំងឺកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន ១១២នាក់ (ស្ត្រី ៤១នាក់ និងបុរស ៧១នាក់) ហើយក្នុងចំនួននេះមានជនជាតិខ្មែរចំនួន៨៩នាក់ (ស្រី ៣៥នាក់) និងជនបរទេសចំនួន២៣នាក់ (ស្រី ៦នាក់)។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចតាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ) ដើម្បី តាមដានសុខភាពបន្តសទៀត៕