(ហាណូយ)៖ នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបំពេញបេសកកម្មចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។

ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មមារញឹក អនុញ្ញាតជូនលោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបាននាំសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តីផងដែរ។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគោរពថ្លែងអបអរសាទរជូនចំពោះភាគីរៀតណាម ក្នុងឱកាសខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្រ្តីបានជម្រាបជូន ដោយសង្ខេបអំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចការងារនេះ ដោយបានគូសរំលេចពីកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតសំខាន់លើការបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ តាមរយៈការអនុវត្តឲ្យមានកាន់តែមានប្រសិទ្ធភាពនិងពេញលេញនូវយន្តការដែលមានស្រាប់ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិប ជាដើម ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម២០២៥-២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីចូលរួមចំណែកឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក តាមការដាក់ចេញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍ និងសមិទ្ធផលដែលកម្ពុជាសម្រេចបានរួមទាំងកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខគោរពថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានឯកភាពលើគំនិតផ្តួចផ្តើមរបស់លោកជំទាវរដ្ឋមន្ត្រីក្នុងការបង្តើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងបានលើកទឹកចិត្តឲ្យក្រសួងទាំងពីរ និងស្ថាប័នពាក់ព័ន្ធបន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតសំដៅជំរុញកំណើនពាណិជ្ជកម្មឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។




