ភ្នំពេញ ៖បន្ទាប់ពីអតីតតារាចម្រៀងប្រចាំផលិតកម្មថោន និងជាតារាប្រុសដែលមានសម្លេងស្អក លោក ខេម ដែលទើបតែចាកចេញពីផលិតកម្មថោន រួចប្តូរទៅផលិតកម្មកាឡាក់ស៊ីក្នុងរយៈពេលប៉ុន្មានខែមកនេះឃើញថា ខេម កាន់តែទទួលបានប្រជាប្រិយកាន់តែមានអ្នកគាំទ្រខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗស្រាប់តែផ្ទុះរឿងនឹកស្មានមិនដល់មួយដោយសារតែផលិតកម្មថោនបានឱ្យដឹងថា តារាចម្រៀងលោក ខេម ដែលមានឈ្មោះ ប៉ុន សុណារិន ជាតារាចម្រៀងប្រចាំផលិតកម្មទីក្រុងភាពយន្ត (ថោន) អញ្ជើញទៅកាន់ផលិតកម្មដែលមានទីស្នាក់ការកណ្តាលដីឡូតិ៍លេខ៣៥ ផ្លូវ១៧១១ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្មដោយកំពុងនៅជាប់កិច្ចសន្យានៅឡើយតែច្រៀងនៅផលិតកម្មផ្សេង ។តាមសេចក្តីជូនដំណឹងខាងលើបានឱ្យដឹងទៀតថា កិច្ចសន្យាការងាររវាងផលិតកម្មទីក្រុងភាពយន្ត (ថោន) ជាមួយលោក ប៉ុន សុណារិន ហៅ ខេម នឹងចប់នៅចុងខែធ្នូ ឆ្នាំ២០២០ ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញដូច្នេះហើយឃើញថាលោក ខេម ក៏បានបង្ហោះសារមួយដ៏វែងអន្លាយពាក់ព័ន្ធជាមួយរឿងមួយនេះផងដែរថា ៖ « យប់ជ្រៅហើយ អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយហើយក៏មិនដែលធ្វើអ្វីអោយមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹងនៅច្រៀងទៀតតែមេគេចវេសរុញទៅអ្នកនេះអ្នកនោះមិនឱ្យមើល (ឬមេចង់អោយខ្ញុំបង្ហាញភ័ស្តតាងតាមហ្វេសបុកនេះ)

ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្តុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លា ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំបក្សពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រលាញ់ពួកគេនោះក្នុងឋានះអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសអោយម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុនទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងអោយក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត ។ មេអើយមេ មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់អោយគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះមេមិនដែលខ្វល់ទេចង់អោយព្រុសក៏ហៅទៅព្រុស ។

មេកុំបង្ខំអោយឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយទុកអោយគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រីមេម៉ាយដ៏កំសត់ផង មេក៏ដឹង មេមានដឹងទេថាឆ្កែអនាថាមួយក្បាលនេះដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសំរេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ? បើម្ចាស់ផ្ដល់ភាពកក់ក្ដៅអោយតែ5%នៃមនុស្សពិសេសទាំងពីរបស់មេឆ្កែមួយក្បាលនេះសុខចិត្តបំរើម្ចាស់ដល់ថ្ងៃចុងក្រោយ។ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់ មានពេលមួយនោះខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន? ខ្ញុំប្រាប់វិញថាខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់ម៉ែប្រាប់ថាគ្មានការជួបណាដែលមិនបែកនោះទេកូនត្រូវស្ងប់ស្ងាត់ ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ ។មែនហើយចេតនាមេពេលនេះចង់អោយឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់អោយគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ។

លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សំរាប់ឆ្កែមួយក្បាលនេះណាស់ ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលអោយបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? ហៅថ្ងៃនេះអោយទៅស្អែក ពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចញ្ចឹមក្រពះមែនទេ។ មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអីឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំមេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអី វាសុំមួយរស់ទេមានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុតមេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះបានដើម្បីកិត្តិយសមេ តែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក » ៕



