បើនិយាយនៅលើទីផ្សារអន្តរជាតិ! OPPO Watch ប្រាកដជាមិនមែននាឡិកាឆ្លាតដំបូងឡើយដែលដំណើរការដោយ Wear OS ហើយបើងាកមកនិយាយពីផលិតផលនាឡិកាឆ្លាតនៅប្រទេសកម្ពុជាវិញ យើងឃើញមានបណ្ដាក្រុមហ៊ុនផ្សេងៗដូចជា Samsung, Huawei, Xiaomi, … ក៏ធ្លាប់បានចេញលក់នាឡិការបស់ខ្លួននៅលើទីផ្សារមិនតិចគ្រឿងរួចមកហើយដែរ គ្រាន់តែនាឡិកាទាំងនោះមិនមែនដំណើរការដោយ Wear OS ដូចមានលើ OPPO Watch នៅឡើយ។ ម្យ៉ាងវិញទៀតក៏មានហាងលក់ទូរស័ព្ទទំនើបមួយចំនួនក៏ធ្លាប់បាននាំចូលនូវប្រភេទនាឡិកាឆ្លាតដែលដំណើរដោយ Wear OS របស់ក្រុមហ៊ុនផ្សេងៗមកដាក់លក់រួចមកហើយ។
ប៉ុន្តែអ្វីដែលជាចំណុចខ្វះខាត គឺនាឡិកាទាំងនោះមិនមានក្រុមហ៊ុនផ្លូវការណាមួយនាំចូលមកដាក់លកឲ្យបានទូលំទូលាយនៅឡើយ ដែលជាហេតុបណ្ដាលឲ្យអ្នកប្រើមិនទទួលបាននូវការធានាផ្លូវការ និងពិបាកស្វែងរកសេវាកម្មជួសជុលជាដើម។ ចំណែក OPPO Watch បច្ចុប្បន្នត្រូវបាននាំចូលផ្ទាល់ដោយក្រុមហ៊ុន OPPO ផ្លូវការប្រចាំនៅកម្ពុជា ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការនាំចូល និងចែកចាយផលិតផល OPPO ស្របតាមផ្លូវច្បាប់ ថែមទាំងផ្ដល់ការធានាពេញលេញដល់អតិថិជនឲ្យកាន់តែមានទំនុកចិត្តខ្ពស់ និងមានភាពកក់ក្ដៅក្នុងការប្រើប្រាស់ផងដែរ ដោយរៀងរាល់ការជាវនូវផលិតផលដែលមានក្រុមហ៊ុននាំចូលផ្លូវការបែបនេះ យើងក៏ទទួលបានការធានាត្រឹមត្រូវ ងាយស្រួលស្វែងរកសេវាកម្មជួសជុលនៅពេលជួបបញ្ហា រួមជាមួយអត្ថប្រយោជន៍ផ្សេងទៀតដែលផ្ដល់ជូនដោយ OPPO Care។
ដូច្នេះបើនិយាយបកមកវិញ OPPO Watch គឺជានាឡិកាឆ្លាតដែលដំណើរការដោយ Wear OS ដំបូងគេបំផុត ដែលបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជា ហើយវាក៏ជានាឡិកាឆ្លាតដែលផ្ដល់នូវភាពស៊ីវិល័យ និងមានតួនាទីជាជំនួយការផ្នែកសុខភាព ក៏ដូចជាផ្សាភ្ជាប់ទំនាក់ទំនងបានកាន់តែងាយស្រួលសម្រាប់យុវវ័យក្នុងយុគសម័យបច្ចេកវិទ្យាទំនើបផងដែរ។
អ្វីទៅជា Wear OS?
Wear OS គឺជាជំនាន់ផ្សេងមួយទៀតនៃប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ក្រុមហ៊ុនយក្សល្បីឈ្មោះ Google សម្រាប់បំពាក់នៅលើនាឡិកាវៃឆ្លាត (Smartwatch) ឬឧបករណ៍បំពាក់នៅលើខ្លួនផ្សេងទៀត (Wearable Devices) ហើយវាអាចដំណើរការបានដោយការភ្ជាប់គ្នាជាមួយ Smartphone ដែលដំណើរការដោយ Android ចាប់ពីជំនាន់ 6.0 ឬ iOS ចាប់ពីជំនាន់ 10.0 តាមរយៈកម្មវិធី Wear OS by Google ដែលអាចធ្វើការទាញយកបាននៅក្នុង Play Store (Android) ឬ App Store (iOS)។ តាមរយៈការភ្ជាប់ជាមួយទូរស័ព្ទ យើងនឹងទទួលបានមុខងារដ៏មានប្រយោជន៍ជាច្រើន (មានកំណត់តាម Smartwatch ផ្សេងៗគ្នា) ដែលជាផ្នែកមួយជួយសម្រួលដល់ការរស់នៅក្នុងសម័យបច្ចេកវិទ្យាកាន់តែប្រសើរ ដោយរួមមានដូចជា៖
1. ភាពទាន់សម័យ ៖ ទម្រង់នៃការបង្ហាញម៉ោងបែបទំនើប ជាមួយជម្រើសមុខនាឡិកា (Watch Face) ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានបំពាក់មកស្រាប់ និងអាចទាញយកបន្ថែមពី Play Store សម្រាប់ធ្វើការផ្លាស់ប្ដូរតាមតម្រូវការ។ បន្ថែមលើនេះ Wear OS ក៏បានបំពាក់មកជាមួយមុខងារ Google Assistant ដើម្បីជួយសម្រួលដល់ការការបញ្ជានាឡិកាដោយប្រើប្រាស់សម្លេងបានផងដែរ។
2. មុខងារសុខភាព ៖ វាស់ចម្ងាយរត់, វាស់ចម្ងាយពេលជិះកង់, រាប់ជំហានដើរ, តាមដានចង្វាក់បេះដូង, តាមដានរយៈពេលគេង, គ្រប់គ្រងការដកដង្ហើមចេញចូល, រំលឹកឲ្យធ្វើចលនានៅពេលដែលយើងអង្គុយអស់ រយៈពេលយូរជាដើម
3. រក្សាទំនាក់ទំនង ៖ មើល និងឆ្លើយតបព័ត៌មានសំខាន់ៗ (ការឆ្លើយតបមានកំណត់តាមកម្មវិធី) , ទទួល ឬធ្វើការហៅចេញដោយផ្ទាល់នៅលើនាឡិកា, ...
4. ព័ត៌មានទូទៅ ៖ បង្ហាញពេលវេលា, សីតុណ្ហភាព, ការងារដែលបានកំណត់ក្នុងប្រតិទិន, ...
5. ផ្សេងៗ ៖ កំណត់ម៉ោងរោទិ៍ (Alarm), កំណត់រយៈពេល (Stop Watch), កំណត់ការរំលឹកនូវពេលវេលាសំខាន់ (Reminder), មើលផែនទីនៅលើ Google Maps, មុខងារថតសម្លេង (Voice Record) និងអាចទាញយកកម្មវិធីមួយចំនួនសម្រាប់ប្រើប្រាស់ដោយផ្ទាល់នៅលើនាឡិកាផងដែរដូចជា Telegram, WeChat, Google Keep Notes, និងកម្មវិធីពេញនិយមផ្សេងៗទៀត៕