ឡូយអស់ស្ទះ! OPPO Watch ជាប់ឈ្មោះជានាឡិកាវៃឆ្លាត ចំណាយពេលមិនដល់ 20នាទីសាកថ្មបាន 50% ពិសេសលឿនជាងគេលើពិភពលោក
ស៊ីហៀង
-

អ្វីទៅជា Watch VOOC Flash Charge?

បើគ្រាន់តែមើលទៅលើពាក្យថា VOOC មួយម៉ាត់ ជឿជាក់ថាមានមនុស្សមិនតិចទេដែលកោតសរសើរពីសមត្ថភាពនៃការសាកថ្មរបស់វា ជាពិសេសគឺអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនរបស់ OPPO។ VOOC Flash Charge គឺជាឈ្មោះនៃបច្ចេកវិទ្យាសាកថ្មលឿនដែលបង្កើតឡើងដោយក្រុមហ៊ុន OPPO វាត្រូវបានបង្ហាញវត្តមានដំបូងក្នុងឆ្នាំ 2014 ជាមួយស្មាតហ្វូនកំពូល OPPO Find 7 ហើយមកដល់ពេលបច្ចុប្បន្នយើងឃើញមានវត្តមាននៅលើស្មាតហ្វូនពេញនិយមរបស់ OPPO ជាច្រើនស៊េរី ជាពិសេសគឺ OPPO Reno4 ជាមួយសមត្ថភាពក្នុងការសាកថ្មពី 0% ដល់ 50% ក្នុងពេលមិនដល់ 20នាទី។

បើគិតមកដល់ពេលនេះ យើងក៏អាចនិយាយបានថា VOOC គឺជា បច្ចេកវិទ្យាសាកថ្មលឿនដែលមានវ័យចំណាស់មួយបើធៀបទៅនឹងបច្ចេកវិទ្យាសាកថ្មលឿនដទៃទៀត។ ចំណុចសំខាន់៣យ៉ាងដែលធ្វើឲ្យអ្នកប្រើប្រាស់ជឿជាក់ និងផ្ដល់ទំនុចចិត្តខ្ពស់ទៅលើ VOOC ៖ ទី១គឺសមត្ថភាពក្នុងការសាកថ្មបានលឿន, ទី២គឺការបំពាក់នូវស្រទាប់ការពារច្រើនជាន់, និងទី៣គឺការទប់កម្ដៅទូរស័ព្ទមិនឲ្យឡើងខ្លាំងដូចបច្ចេកវិទ្យាសាកថ្មលឿនដទៃ។ ម្យ៉ាងវិញទៀត VOOC ត្រូវបានក្រុមហ៊ុន OPPO ធ្វើការអភិវឌ្ឍន៍បន្ថែមឲ្យមានសមត្ថភាពកាន់តែខ្ពស់ដោយនៅក្នុងឆ្នាំនេះយើងឃើញមានការសម្ភោធនូវបច្ចេកវិទ្យាសាកថ្ម SuperVOOC ជាមួយកម្លាំងសាកថ្មរហូតដល់ 125W។

ចំណែកឯ Watch VOOC គឺជាបច្ចេកវិទ្យាសាកថ្មលឿនជំនាន់ថ្មីមួយទៀតដែល OPPO បង្កើតឡើងសម្រាប់បំពាក់នៅលើនាឡិកាឆ្លាតរបស់ខ្លួនទាំង២ស៊េរី (OPPO Watch Series) ដែលធ្វើឲ្យវាក្លាយជានាឡិកាដែលសាកថ្មលឿនជាងគេបំផុតបើធៀបទៅនឹងការសាកថ្មលើរបស់នាឡិកាឆ្លាតរបស់បណ្ដាក្រុមហ៊ុនដទៃទៀត។ 

បច្ចេកវិទ្យានេះមានភាពខុសគ្នាខ្លះពីបច្ចេកវិទ្យា VOOC លើទូរស័ព្ទដៃ ដែលតម្រូវឲ្យយើងប្រើប្រាស់ទាំងដុំសាករួមគ្នាជាមួយខ្សែសាកជាប្រភេទ VOOC ដូចគ្នា ដោយបច្ចេកវិទ្យាសាកថ្ម Watch VOOC ត្រូវបានបំពាក់ផ្ទាល់នៅលើបន្ទះសាកថ្មរបស់នាឡិកាតែម្ដង។ 

ដូច្នេះគឺយើងគ្រាន់តែប្រើប្រាស់បន្ទះសាកថ្មរបស់ OPPO Watch ដោតភ្ជាប់ជាមួយដុំសាកដែលមានកម្លាំង 5W (5V1A) តាមរយៈរន្ធសាកថ្ម (USB Type-A) នោះបច្ចេកវិទ្យាសាកថ្ម Watch VOOC នឹងដំណើរការពេលដាក់នាឡិកាលើបន្ទះសាកថ្មតែម្ដង។ សម្រាប់ការសាកថ្មរយៈពេល15នាទី OPPO Watch 46mm អាចទាញថាមពលថ្មចូលបាន 46% និងនៅលើ OPPO Watch 41mm អាចទាញថាមពលបាន 30%។ ចំណែកឯការសាកថ្មបំពេញថាមពលពី 0% ដល់ 100% វាចំណាយពេលត្រឹមតែ75នាទីប៉ុណ្ណោះ (OPPO Watch ទាំង២ស៊េរី)៕