ភ្នំពេញ៖នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងការបរទេសកម្ពុជា បានប្រកាសថា លោក ភីធើ ស៊ីចាតូ រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី មានវិជ្ជមានមេរោគកូវីដ១៩ ដែលត្រូវបានរកឃើញនៅប្រទេសថៃ។
បើយោងតាមប្រកាសរបស់ក្រសួងការបរទេស បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ លោក ភីធើ ស៊ីចាតូ (Péter Szijárt6) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែល លោករដ្ឋមន្ត្រី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា លោក រដ្ឋមន្ត្រី មានលទ្ធផលវិជ្ជមាន។
សូមបញ្ជាក់ថាសមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ ដែលមកដល់ប្រទេសកម្ពុជា បានធ្វើតេស្តរកមេរោគកូវីដ១៩ និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា «គ្មានវីរុស កូវីដ-១៩» មុនពេលចេញដំណើរមកកម្ពុជា។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូ នៅក្នុងពេលទស្សនកិច្ចធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស មុននេះបន្តិច៕