សម្តេចតេជោ ហ៊ុន សែន និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ ប៉ុន្តែនៅតែធ្វើចត្តាឡីស័ក ដើម្បីសុវត្ថិភាព
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ដែលមានទាក់ទងជាមួយលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានចេញហើយ ដោយលទ្ធផលអវិជ្ជមាន ទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន រៀបរាប់នៅលើបណ្តាញសង្គម Facebook ផ្លូវការថា៖

គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រី ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣វិច្ឆិកា២០២០​ ម្សិលមុិញមាន វិជ្ជមានកូវីដ១៩​ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញ ពីកម្ពុជា។

ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបាន ប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លង ជំងឺកូវីដ១៩នោះទេ។

ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បី សុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ ឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ​ សូម្បីតែភរិយា កូន​ និងចៅ ក៏មិនអាចជួបបានដែរ។ 

ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គ ព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះ បង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាបាន។

សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅ ខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមាន ជ័យដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់ តំណាងទៅចែកជំនួស។

សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ ១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ។

សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់ ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបាន ដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។ ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារ ដោយពិនិត្យសម្រេចនិងចុះហត្ថលេខា លើឯកសារនានារបស់រាជរដ្ឋាភិបាល បានដដែល។សមាជិករាជរដ្ឋាភិបាល អភិបាលខេត្តនិងមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធនៅតែអាចរាយការណ៏ឬ សុំយោបល់ខ្ញុំបានដដែល។

ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូន គោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់ តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព និងសុខភាពទាំងអស់គ្នា។

ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភ ពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ។

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister