ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៏មាន បញ្ជាក់ពីករណីវិជ្ជមានកូវីដ ១៩ ថ្មីម្នាក់ លើបុរសជនជាតិខ្មែរ ដែលជាអង្គរក្សការពារផ្ទាល់គណៈប្រតិភូហុងគ្រី។ ក្រសួង សុខាភិបាល បានឲ្យដឹងថា អ្នកឆ្លង ជំងឺកូវីដ១៩ ថ្មីនេះ ជាបុរសជនជាតិខ្មែរ អាយុ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី មានអាសន្នដ្ឋាន នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយសារគាត់មានរោគសញ្ញាគួរឲ្យសង្ស័យ ដូចជាមានរមាស់បំពង់ក និងក្អក វត្ថុសំណាករបស់គាត់ត្រូវបានយកជាលើកទី២ ហើយលទ្ធផលដែលផ្តល់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ ១៩ ។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងទៀតថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន០៤នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ១៩ ០៣នាក់ (ដែលជាការធ្វើតេស្តលើកទី១) និងវិជ្ជមានវីរុសកូវី០១ (ដែលជាការធ្វើតេស្តលើកទី២)។ ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មាន ៨៩២នាក់ សម្រាប់ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងចំនួននេះ មានបុគ្គលម្នាក់ (ដូចបានជម្រាបជូនខាងលើនេះ) មានលទ្ធផល វិជ្ជមាន វីរុសកូវីដ១៩ នៅពេលធ្វើតេស្តលើកទី២។
ក្រសួងសុខាភិបាល សូមធ្វើការគ្រើនរំលឹកជូនដល់អ្នកប៉ះពាល់ទាំងអស់ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ ១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន ឲ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កដោយខ្លួនឯង) ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្រ្តី ដែលមានរៀបចំទីតាំងយកវត្ថុសំណាកសម្រាប់ធ្វើតេស្តវីរុសកូវីដ ១៩ ចាប់ពីម៉ោង០៧និង០០នាទីព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោមនេះ៖
- លើកទី២ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០
- លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ និង
-លើកទី២ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០