ភ្នំពេញ៖ ករណីស្រ្តីវ័យ៦០ឆ្នាំ ជាងម្នាក់ បានបាត់បង់ជីវិតនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិ សំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះថា ហ៊ុន សំបូរ មានអាយុ៦១ឆ្នាំ ជាស្រ្តីមេម៉ាយ បានមកបម្រើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុ។

ប្រភពពីក្មួយប្រុសជនរងគ្រោះ ឈ្មោះថា អ៊ាត វុទ្ធី ក្រោយពេលស្រុតរលំក្យូស គ្មានអ្នកណាម្នាក់រាយការណ៍ជូនទៅអាជ្ញាធរ ឬ សាច់ញាតិរបស់ជនរងគ្រោះនោះទេ លុះដល់វេលាម៉ោង ជាង៥ល្ងាចទៅហើយ ក៏មានស្រ្តីដែលជាអ្នកអនាម័យនៅទីនោះ តេប្រាប់សាច់ញាតិរបស់ជនរងគ្រោះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។ ក្មួយប្រុសរបស់ជនរងគ្រោះ បានប្រាប់ថា ស្រ្តីរងគ្រោះ ទើបតែមកធ្វើការនៅក្នុងផ្ទះនេះ បានបីខែប៉ុណ្ណោះ ក៏ជួបរឿងអកុសលបែបនេះតែម្តង។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពីម៉ោង១០ និង៣០នាទីមកម្ល៉េះ ក៏ប៉ុន្តែម្ចាស់ផ្ទះបានលាក់លៀម មិនព្រមរាយការណ៍ដល់សមត្ថកិច្ច ឬ អាជ្ញាធរឡើយ ដោយសំងំជីកកកាយរកស. ពតែអស់ជម្រើស ដល់ម៉ោង៦ល្ងាចថ្ងៃដដែល ទើបបែកធ្លាយផ្អើលអ្នកស្រុក។

សមត្ថកិច្ចលោកបានបន្តទៀតថា ក្យូសនេះបានបាក់ស្រុតចូលក្នុងស្រះទឹក តាំងពីព្រឹក តែម្ចាស់ផ្ទះ បានបិទរបងផ្ទះជិត សំងំបូមទឹកចេញ រហូតអស់លទ្ធភាពទើប្រាប់ទៅសាច់ញាតិជនរងគ្រោះ។ ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះត្រួតពិនិត្យ ដល់ទីតាំងខាងលើ ដើម្បីធ្វើការស្ទួចយកគ្រោងឆ្អឹងផ្ទះដែលបានបាក់នោះចេញ និងចុះរកស.ពស្រ្តីរងគ្រោះវិញ អស់រយៈជាច្រើនម៉ោងហើយសមត្ថកិច្ចនៅមិនទាន់រកស.ពជនរងគ្រោះឃើញនៅឡើយទេ៕


ប្រភព៖ kbn