ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។



ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាការនៃទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ ស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការទៅទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទ រក្សានូវភាពអត់ធ្មត់ ការអត់ឱន សេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក ដើម្បីធានាបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ។



សូមរំលឹកថា ប៉ុន្មានថ្ងៃមុននេះ ទាហានឈុតខ្មៅថៃម្នាក់ ដែលបន្លំជាភ្ញៀវទេសចរមកទស្សនាប្រាសាទតាមាន់ធំ ហើយបានធ្វើសកម្មភាពទះកំផ្លៀងទាហានកម្ពុជាម្នាក់ដែលឈរជើងនៅតំបន់នោះ រួចរត់គេចចូលទឹកដីថៃបាន។ នេះជាសកម្មភាពប្រមាថ និងបង្ហាញពីគឃ្លើនរបស់ភាគីថៃ មកលើកម្ពុជា ប៉ុន្ដែទោះជាយ៉ាងណា កងទ័ពកម្ពុជារក្សាស្មារតីអត់ធ្មន់ខ្ពស់ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំជាតិ៕
