នៅព្រឹកនេះ ក្រសួង រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីម្នាក់ ជាបុរសជនជាតិខ្មែរ-អាមេរិក​​ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក និងមានអ្នកជាសះស្បើយចំនួន០២
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ស្តីពីករណីវិជ្ជមាន វីរុសកូវី១៩ ថ្មីចំនួន០១នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងថ្មីម្នាក់គឺជាបុរសជនជាតិខ្មែរ-អាមេរិក អាយុ៥៦ឆ្នាំ ស្នាក់បុរីមួយកន្លែងក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ 

ក្រសួងសុខាភិបាល បានបន្តទៀតថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ ១៩ ហើយបច្ចុប្បន្ន អ្នកជំងឹត្រូវបានដាក់ឲ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

សូមកត់សំគាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១៦៥នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន១៦៤នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅអនុវិទ្យាល័យបុរី ១០០ខ្នង និងសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។

ដោយអ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន០២នាក់ ក្នុងនោះមានលោក យ៉ារ៉ា អាយុ៤៧ឆ្នាំ សមាជិករដ្ឋសភាមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣វិច្ឆិកា កន្លងមក និងស្រ្តីជនជាតិខ្មែរ អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរ មកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

ពួកគាត់ទាំងពីរនាក់ខាងលើ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាល បានបន្តថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា ប៉ុន្តែមានអ្នកជាសះស្បើយ ០១នាក់ (ដូចបានជម្រាបជូនខាងលើ) ដែលចំនួនអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា នៅសល់ចំនួន០៣នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។