ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ សេចក្តីជូនដំណឹងស្តីពី ការបើកដំណើរការឡើងវិញ នូវរោងភាពយន្ត រោងសម្តែងសិល្បៈនិងសារមន្ទីរ បានឲ្យដឹងថា ៈ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះ លោក លោកស្រី ប្រធានមន្ទីរវប្បធម៏ និងវិចិត្រសិល្បៈរាជធានី-ខេត្ត សាធារណជន សមាគមមគ្គុទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា ដោយបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស ដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ អំពីការប្រតិបត្តិស្តង់ដារការពារការចម្លងមេរោគកូវីដ១៩ នឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញដូចមុនព្រឹត្តិការណ៍០៣វិច្ឆិកា។

ដោយឡែកសម្រាប់រោងភាពយន្ត រោងសម្តែងសិល្បៈដែលពុំទាន់ទទួលបានការអនុញ្ញាត ហើយមានបំណងបើកដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញ ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ ដើម្បីធានាការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាសុខាភិបានឲ្យត្រឹមត្រូវ។

ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នឹងសហការជាមួយក្រសួងសុខាភិបាល បន្តចុះត្រួតពិនិត្យតាមដានការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ប្រធានមន្ទីរវប្បធម៏ និងវិចិត្រសិល្បៈរាជធានី-ខេត្ត សាធារណជន សមាគមមគ្គុទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៏មាន និងសូមអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវ៕