គិលានុបដ្ឋាយិកាម្នាក់ និយាយថា " វាជារឿងដ៏ឈឺចាប់បំផុត រាល់ពេលសំលឹងមើលប៉ារបស់ខ្លួន កំពុងប្រយុទ្ធនិងកូវីដ-១៩ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់..."
-

(អាមេរិក) យោងតាមសារព័ត៏មាន CNN​ ចុះផ្សាយកាលពីថ្ងៃទី ១៩ វិច្ឆិកា ម្សិលមិញនេះបានអោយដឹងថា Bridget Otto គឺជាគិលានុបដ្ឋាយិកាម្នាក់ នៅក្នុងតំបន់ Lowa សហរដ្ឋអាមេរិក។នាងបានមើលថែអ្នកជំងឺកូវីដ-១៩ចាប់តាំងពីខែឧសភា មកម្លេះ ប៉ុន្តែអ្វីដែលនាងមិននឹកស្មាននោះ គឺនៅចុងខែកញ្ញា ក្នុងចំនោមអ្នកជំងឺកូវីដម្នាក់នោះគឺឪពុករបស់ខ្លួនឯង។

នាងបានបន្តថា ពេលនេះអាការៈគាត់កាន់តែយ៉ាប់ គាត់ត្រូវចំនាយពេលជាច្រើនអាទិត្យនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នាងបន្តថានេះជារឿងដ៏ឈឺចាប់បំផុត រាល់ពេលដែលនាងសំលឹងមើលឪពុករបស់ខ្លួនកំពុងប្រយុទ្ធនិងជំងឺដ៏អាក្រក់មួយនេះ។នាងបន្តថា គាត់គឺជាកសិករដែលសកម្មម្នាក់ គាត់ជាមនុស្សដែលមិនចេះនៅស្ងៀមនោះទេ វាឈឺចាប់ណាស់ដែលត្រូវឃើញគាត់គេង ដោយពឹងលើអ៊ុកស៊ីសែន និងមិនអាចសូម្បីតែកំរើកដៃជើងបែបនេះ ប៉ុន្តែនាងបានបន្តថា ប៉ារបស់ខ្លួននិងជាសះស្បើយជាមិនខាន។

នាងបានសង្កត់ធ្ងន់ថា “ខ្ញុំចង់អោយគ្រប់គ្នាដឹងថាកូវីដគឺជារឿងពិត វាបានសំលាប់ពលរដ្ឋអាមេរិករាប់សែននាក់ទៅហើយ ហើយសំរាប់អ្នកដែលនៅតែមិនជឿរឿងនេះ ហើយមិនស្តាប់តាមការណែនាំរបស់អ្នកជំនាញផ្នែកសុខាភិបាល និងនៅតែទាមទារអោយមានការជួបជុំនិងដើរកំសាន្តថ្ងៃឈប់សំរាកនោះ គួរតែបញ្ឈប់ហើយសំរាកនៅផ្ទះសិនទៅ។សូម្បីតែខ្ញុំក៏ចង់មានពេលសំរាកនិងដើរកំសាន្តដូចគ្នាដែរ ប៉ុន្តែខ្ញុំនិងមិនធ្វើដំណើរកំសាន្តទេ ខ្ញុំនិងជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវ”។គ្រូពេទ្យខ្លះបានព្យាករណ៍រួចទៅហើយអំពី "ការកើនឡើងមិនធ្លាប់មាន" នៃករណី កូវីដ-១៩ នៅសហរដ្ឋអាមេរិកបន្ទាប់ពីបុណ្យThankgiving និង Christmas ដោយសារមនុស្សនិងធ្វើដំណើរទៅជួបជុំក្រុមគ្រួសាររបស់ពួកគេ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn