រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីតធើ ស៊ីចាតូ ជាសះស្បើយពីជំងឺកូវីដ ១៩ ហើយ
-

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីតធើ ស៊ីចាតូ បានបញ្ជាក់ថា លោក បានជាពីជំងឺកូវីដ ១៩​ហើយ បន្ទាប់ពីសម្រាកព្យាបាល អស់រយៈពេល១៧ថ្ងៃ។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ នៅលើបណ្តាញទំនាក់ទំនង របស់លោក បានបង្ហោះសារថា "វាបានបញ្ចប់ហើយ ក្រោយថ្ងៃអង្គារ ការធ្វើតេស្តរបស់ខ្ញុំនៅថ្ងៃនេះ គឺ"អវិជ្ជមាន"។

គួរបញ្ជាក់ផងដែរថា លោក ភីតធើ ស៊ីចាតូ ត្រូវបានរកឃើញកើតជំងឺកូវីដ ១៩ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ដំណើរទស្សនាកិច្ចនៅកម្ពុជា និងបន្តដំណើរទស្សនាកិច្ចនៅក្នុងប្រទេសថៃ។ ដោយសារការរកឃើញជំងឺកូវីដ ១៩ លោក ស៊ីចាតូ មិនបានធ្វើទស្សនកិច្ចនៅប្រទេសថៃ នោះឡើយ ហើយលោកត្រូវបានដឹកតាមយន្តហោះពិសេសត្រឡប់ទៅប្រទេសហុងគ្រីវិញ។

បើទោះបីក្នុងកំលុងពេលព្យាបាលជំងឺកូវីដ ១៩នេះ លោកនៅតែបន្តធ្វើការងាររបស់លោក និងជួបជាមួយដៃគូសន្ទនារបស់លោកជាប្រក្រតីតាមរយៈប្រព័ន្ធវីដេអូ។ លោក ភីតធើ ស៊ីចាតូ អរគុណអ្នកដែលបានចងចាំ គាំទ្រ អ្នកដែលផ្ងើសារ និងអ្នកដែលបានសួរសុខទុក្ខលោក។