(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅថ្ងៃទី៤ ខែធ្នូ នេះបានអោយដឹងថា រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង មានការឆាបឆេះព្រៃយ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះ ដែលកំលាំងខ្យល់បក់ដ៏ខ្លាំងបានរុញច្រានអណ្តាតភ្លើងដ៏សន្ធោរសន្ធៅ ទៅកៀកផ្ទះអ្នកស្រុក ដែលអាជ្ញាធរត្រូវជម្លៀសប្រជាជនចេញពីផ្ទះសម្បែង ព្រោះការរីករាលដាលកាន់តែខ្លាំងនេះបានធ្វើអោយឧបករណ៍ប្រើប្រាស់នឹងថាមពលអគ្គិសនីត្រូវកាត់ផ្ដាច់។
គួរបញ្ជាក់ថាភ្លើងឆេះព្រៃនេះបានកើតឡើងតាំងពីយប់ថ្ងៃពុធ ក្នុងតំបន់ Orange County រដ្ឋកាលីហ្វ័រញ៉ា ហើយកំលាំងខ្យល់បកគឺមានរហូតដល់ទៅ១១៣គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើអោយមានការរាលដាលកាន់តែលឿន។
អ្នកនាំពាក្យរបស់អាជ្ញាធរពន្លត់អគ្គីភ័យលោក Colleen Windsor បានអោយដឹងថា នៅពេលនេះក្រុមអ្នកពន្លត់អគ្គិភ័យកំពុងតែប្រយុទ្ធតស៊ូជាមួយនឹងភ្លើងដ៏ខ្លាំងខ្លាំនេះហើយ។
លោកបន្តថា យើងមិនទាន់ដឹងពីចំនួនពិតប្រាកដរបស់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃនេះទេ ប៉ុន្តែនៅពេលនេះ ភ្លើងគឺបានឆេះរាលដាលលើផ្ទៃដីចំនួន២៩គីឡូម៉ែត្រក្រឡា ដ៏គ្របដណ្តប់ដោយ ផ្សែងហើយនឹងផេះដ៏ក្រាស់ខ្មឹក ហើយបានធ្វើអោយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការបំផ្លាញ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia