(បរទេស) អភិបាលរដ្ឋ ខូឡូរ៉ាដូ លោក ជើរ៉េត ផូលីស( Jared Polis) បានប្រកាសកាលពីថ្ងៃអង្គារទី ២៩ ធ្នូថាករណីកូវីដ-១៩ទម្រង់ថ្មីដែលផ្ទុះឡើងដំបូងនៅចក្រភពអង់គ្លេស មានឈ្មោះថា B117 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងរដ្ឋរបស់លោកហើយ នេះបើតាមCNA ចុះផ្សាយនៅព្រឹកថ្ងៃទី ៣០ ធ្នូនេះ។
លោក ផូលីស បានភា្ជប់ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយពីការិយាល័យនិងរួមជាមួយមន្ត្រីសុខភាពរដ្ឋរបស់លោកថា “ បុគ្គលម្នាក់នោះ មានអាយុ ២០ ឆ្នាំដែលបច្ចុប្បន្នកំពុងដាក់ឲ្យនៅដាច់ដោយឡែកក្នុងតំបន់ Elbert County ប៉ុន្តែអ្វីដែលចំលែកនោះ គឺរូបគេ មិនមានប្រវត្តិធ្វើដំណើរទៅចក្រភពអង់គ្លេសឬទៅតំបន់ផ្សេងទៀតទាំងអស់”។
ក្នុងសេចក្តីថ្លែងការណ៍នោះដដែលលោកបាននិយាយថា បុគ្គលម្នាក់នេះក៏មិនមានទំនាក់ទំនងជិតស្និតជាមួយអ្នកណាដូចគ្នា ដែលធ្វើអោយស្ថានភាពមួយនេះកាន់តែស្មុគស្មាញ ក្នុងតាមរកប្រភពដែលឆ្លង ប៉ុន្តែអាជ្ញាធរកំពុងធ្វើការយ៉ាងស្វិតស្វាញ ក្នុងការកំណត់អត្តសញ្ញាណអ្នកដែលបុគ្គលម្នាក់នេះ អាចនឹងមានប្រវត្តិទាក់ទងទាំងអស់។
គួរបញ្ជាក់ថា កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថា ករណីក្នុងរដ្ឋខូឡូរ៉ាដូគឺជាការឆ្លងកូវីដ-១៩ទម្រង់ថ្មី ដែលត្រូវបានគេស្គាល់ជាលើកដំបូងដែលត្រូវបានកត់ត្រានៅក្នុងសហរដ្ឋអាមេរិក ហើយករណីបំរែបំរួលពីរដំបូងនៅលើទ្វីបអាមេរិកខាងជើង ត្រូវបានរកឃើញនៅប្រទេសកាណាដាកាលពីចុងសប្តាហ៍មុន។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia