ឥណ្ឌា៖ ថ្មីៗនេះបើយោងតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយសារព័ត៌មាន ANIក្នុងស្រុករបស់ប្រទេសឥណ្ឌា បានចេញផ្សាយពីមូលហេតុដែលធ្វើឲ្យប្រជាជនឥណ្ឌានាំគ្នាឆ្លងនិងស្លាប់ដោយសារតែជំងឺកូវីដដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងពិធីបុណ្យ Kumbh Mela កាលពីខែមេសា។
នៅក្នុងរបាយការណ៍របស់សារព័ត៌មាន ANI ដែលចេញផ្សាយនោះត្រូវបានគេរកឃើញថា ប្រជាជនដែលទៅនាំគ្នាធ្វើតេស្ដរកជំងឺកូវីដនោះភាគច្រើនពួកគេបានប្រើប្រាស់ នូវអាស័យដ្ឋាន លេខទូរស័ព្ទ គឺសុទ្ធតែក្លែងក្លាយទាំងអស់ ដែលចំនួននៃអ្នកដែលបានក្លែងឯកសារនៅពេលដែលទៅធ្វើតេស្ដត្រូវបានគេរកឃើញថាមានចំនួនរហូតដល់១០ម៉ឺននាក់ ដែលធ្វើឲ្យខាងមន្ទីរពេទ្យមិនអាចទាក់ទងទៅអ្នកទាំងនោះបាន ។ ក្នុងនោះរដ្ឋក៏បានជួលបន្ទប់ពិសោធន៍ពីមន្ទីរពេទ្យឯកជន សម្រាប់ធ្វើតេស្ដរកអ្នកទេសចរណ៍នូវជំងឺកូវីដ១៩។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ANI នោះក៏បានចោទប្រកាន់នូវមន្ទីរពេទ្យឯកជនមួយចំនួនដែលនៅ ទីក្រុង Haryana និងទីក្រុង Delhi អំពីការក្លែងបន្លំរបាយការណ៍ឯកសាររបស់អ្នកទៅធ្វើតេស្ដរកជំងឺកូវីដ ដោយបានលើកឡើងថា លេខទូរស័ព្ទនិងអាស័យដ្ឋានដូចគ្នាជាច្រើន ត្រូវបានគេប្រើនៅក្នុងរបាយការណ៍នៃអ្នកដែលមកធ្វើតេស្ដកូវីដ១៩រាប់រយនាក់ ដែលខាងមន្ទីរពេទ្យបានចេញ។
រដ្ឋ Uttarakhand គឺជាកន្លែងប្រារព្វធ្វើនូវពិធីបុណ្យ Kumbh Mela ដែលជាពិធីបុណ្យសាសនាដ៏ធំដោយបានទាក់ទាញមនុស្សម្នាឲ្យមកចូលរួមយ៉ាងច្រើនកុះករ និងបង្កឲ្យមានអ្នកឆ្លងនិងអ្នកស្លាប់យ៉ាងច្រើន ត្រូវបានសមាគមអន្ដរជាតិធ្វើការថ្កោលទោសយ៉ាងខ្លាំង ពីការធ្វេសប្រហែសរបស់ខ្លួននៅក្នុងការដឹកនាំ ដោយបណ្ដោយឲ្យមនុស្សរាប់លាននាក់ធ្វើការប្រមូលផ្ដុំគ្នាយ៉ាងច្រើនតាន់តាប់ ក្រោយពីវីរុសនេះកំពុលរីករាលដាលនៅឡើយពាសពេញប្រទេសឥណ្ឌា។
នៅក្នុងរបាយការណ៍នោះក៏បានបន្ថែមថាប្រជាជនដែលនៅក្នុងរដ្ឋដ៏ទៃទៀតនៅទូទាំងប្រទសឥណ្ឌាក៏បាននាំគ្នាទៅចូលរួមពិធីនោះផងដែរ ក្រោយពីពិធីបុណ្យនោះត្រូវបានបញ្ចប់ មនុស្សម្នាជាច្រើនដែលត្រលប់មកពីការចូលរួមពិធីសាសនានោះវិញ ត្រូវបានគេរកឃើញថាមានមនុស្សជាច្រើនបានឆ្លងនូវជំងឺមួយនេះ។ បន្ទាប់ពីមានការឆ្លងរីករាលដាលយ៉ាងធ្ងន់ធ្ងរនោះ បណ្ដាលឲ្យប្រទេសឥណ្ឌាប្រឈមនិងបញ្ហាកង្វះនូវអុកហ្សីសែននិងគ្រែនៅក្នុងមន្ទីរពេទ្យយ៉ាងច្រើន។
អ្នកនាំពាក្យរដ្ឋាភិបាល Uttarakhand លោក Subodh Uniyal បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា“ រដ្ឋក៏បានធ្វើពាក្យបណ្តឹងចោទប្រកាន់មន្ទីរពិសោធន៍នៅក្នុងទីក្រុង Haryana និងទីក្រុង Delhi និងទីកន្លែងធ្វើតេស្តរកជំងឺកូវីដចំនួន ៥ ក្នុងទីក្រុង Haridwar ” ។ ជាងនេះផងដែររដ្ឋភាគខាងជើង បានរកឃើញថាមណ្ឌលសុខភាពបឋមមួយចំនួន ក៏បានក្លែងបន្លំនូវរបាយការណ៍អំពីអ្នកធ្វើតេស្ដរកមេរោគកូវីដ ក៏កំពុងត្រូវរងការចោទប្ដឹងដូចគ្នាពីការបន្លំឯកសារអ្នកធ្វើតេស្ដរកមេរោគកូវីដ១៩។
Kumbh Mela គឺជាពិធីបុណ្យហិណ្ឌូដ៏ធំបំផុត - វាទាក់ទាញមនុស្សមកពីគ្រប់ទិសទីនៃប្រទេសឥណ្ឌានិងពិភពលោក។ ប៉ុន្តែអ្នកជំនាញបានព្រមានកាលពីខែមីនាថាពិធីបុណ្យនេះគួរតែត្រូវបានលុបចោលដោយសារតែមានរលកទី ២ ជិតមកដល់។ ប៉ុន្តែរដ្ឋាភិបាលបានសំរេចចិត្តបន្តដំណើរទៅមុខទៀតដែលអនុញ្ញាតឱ្យប្រជាជនធ្វើទស្សនកិច្ចពីទូទាំងប្រទេស៕
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖ BBC