ភ្នំពេញ៖ វ៉ាក់សាំងប្រភេទ Sinovac និង Johnson & Johnson នឹងត្រូវប្រើប្រាស់ សម្រាប់ចាក់ជូនដល់កុមារ និងយុវជនកម្ពុជា ដោយក្នុងនោះវ៉ាក់សាំងប្រភេទ Sinovac មានចំនួន ៥លានដូស និង Johnson & Johnson ចំនួន១លានដូស។ អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ដូច្នេះនៅក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែត នាពេលទទួលវ៉ាក់សាំង Sinopharm ១លានដូស នៅព្រឹកថ្ងៃទី២២ខែកក្កដានេះ។
នៅមុននេះបន្តិច សហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សាំង Johnson & Johnson ជាង ១លានដូស ដល់ប្រជាជនកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុកស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៣ កក្កដា។
សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។ យើងកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះមកក្នុងពេលឆាប់ៗខាងមុខនេះ៕