នោះវីវរហើយ ! តារាចម្រៀង ពេជ្រ សោភា មិនសុខចិត្ត ក្រោយក្រុមហ៊ុន Smart Axiata ធ្វើរឿងអយុត្តិធម៍មួយនេះមកលើរូបនាង…
ស៊ីហៀង
-

ភ្នំពេញ៖ នៅកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជនដោយបានកាត់ផ្តាច់លេខទូរសព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មី ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។

យ៉ាងណាមិញពាក់ព័ន្ធជាមួយនិងបញ្ហាមួយនេះសូម្បីតែតារាចម្រៀងអ្នកនាង ពេជ្រ សោភា ក៏ចេញមកនិយាយបែបនេះដែរថា៖« និយាយត្រូវលេខខ្ញុំកំពុងប្រើ កាត់លក់អោយគេផងអត់ប្រាប់មួយម៉ាត់ ជួយដោះស្រាយអោយខ្ញុំផងលេខខ្ញុំប្រើតាំងពីឆ្នាំ2008/មកកាត់លក់អោយគេ ក្នុងឆ្នាំ2021ខែ4»។

យ៉ាងណាមិញជំវិញបញ្ហាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់វិធានការលើក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី ដូចខាងក្រោម៖

១- ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ខាងលើ កើតមានសារជាថ្មីម្តងទៀត។

២- ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទ ពីអតិថិជនដែលកំពុងប្រើប្រាស់។

៣- ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរសព្ទនោះមកប្រើប្រាស់វិញ។

៤- រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានរំលឹកដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយ និងលក់ស៊ីមកាត ទូរសព្ទចល័តឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួនជៀសវាងមានករណីបែបនេះកើតឡើង។

ក្រសួងនឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តណា ដែលបានប្រព្រឹត្តខុស៕