ពិតជាធ្វើឱ្យផ្ទុះកក្រើកនៅក្នុងប្រទេសថៃខ្លាំងណាស់ សម្រាប់ករណីឆបោកដ៏ធំរបស់ក្រុមហ៊ុន The Icon Group ដែលមានជនរងគ្រោះរហូតដល់ទៅជាង ១០០០ នាក់ ជាពិសេសនោះ គឺគេសង្ស័យថាមានមេក្លោងសុទ្ធតែជាតារាល្បី។
មកដល់ពេលនេះ ជនជាប់ចោទទាំង ១៨ នាក់ដែលប៉ូលីសបានឃាត់ខ្លួនទៅសួរចម្លើយនៅទីស្នាក់ការស៊ើបអង្កេតកណ្ដាលកាលពីយប់មិញនេះ ត្រូវស្នាក់នៅបន្ទប់ឃុំឃាំងដោយដេកនៅលើឥដ្ឋគ្មានពូកឬគ្រែ និងគ្មានបន្ទប់ VIP ឡើយ។ កំឡុងពេលដែលប៉ូលីសប្រើពេល ៤៨ ម៉ោង (គិតចាប់ពីយប់មិញ) ដើម្បីសួរចម្លើយជនជាប់ចោទគឺហាមដាច់ខាតមិនឲមានការធានាខ្លួនឲនៅក្រៅឃុំ។
នៅថ្ងៃស្អែកសមត្ថកិច្ចនឹងបញ្ចូលខ្លួនជនជាប់ចោទទាំង ១៨ រូបឡើងតុលាកាហើយដើម្បីអនុម័តការទោសចំពោះមុខចៅក្រម។ ដោយឡែកទោសជាប់ពន្ធនាគារពិបទរួមគ្នាបោកប្រាស់ប្រជាជននិងប្រើព័ត៌មានមិនពិតនៅក្នុងទិន្នន័យកំព្យូទ័រនឹងត្រូវជាប់ទោសពី ៥ ទៅ ១០ ឆ្នាំក្នុងម្នាក់។ ទោសនឹងមានការប្រែប្រួលទៅតាមចំនួនជនរងគ្រោះដែលមកដាក់ពាក្យបណ្ដឹងជាហូរហែ។ ឧទាហរណ៍ជនរងគ្រោះ ១០០ នាក់ស្មើនឹងជាប់ពន្ធនាគារ ១០០០ ឆ្នាំនិយាយឲខ្លីគឺជាប់ពន្ធនាគារអស់មួយជីវិត។
ដោយឡែកនៅក្នុងនោះ គេបានដឹងថាមានមនុស្សចំនួន ១៨ នាក់ទៀត ដែលជាអ្នកពាក់ព័ន្ធសំខាន់ៗជាមួយនឹងករណីនេះ ហើយក៏ត្រូវបានប៉ូលិសប្រមូលខ្លួនជិតអស់ទៅហើយ។ រឿងដែលកាន់តែក្តៅគគុកបំផុតនោះ ក្នុងចំណោម ១៨ នាក់នោះ គឺមានតារាប្រុសស្រីចំនួន ៣ នាក់ ដែលត្រូវបានមហាជនចាប់អារម្មណ៍តាមដានខ្លាំងជាងគេ ដោយក្នុងនោះមាន Kan Kantathavorn ដែលជាពិធីករល្បី តារាស្រី Min Pechaya ព្រមទាំងតារាប្រុសជើងចាស់ Sam Yuranunt ។
អ្នកទាំង ៣ នេះ ត្រូវបានគេសង្ស័យថាមានមុខដំណែងធំៗនៅក្នុងក្រុមហ៊ុននេះ ព្រោះកន្លងមកពួកគេហាក់មានសកម្មភាពច្រើនណាស់ទាក់ទងនឹងដំណើរការរបស់ក្រុមហ៊ុន។ ផ្ទុយទៅវិញ ខណៈរឿងកំពុងផ្ទុះ អ្នកទាំង ៣ នេះ ក៏បានចេញមុខមកបកស្រាយថាខ្លួនគ្រាន់តែជាអ្នកតំណាងផលិតផលប៉ុណ្ណោះ មិនមានសិទ្ធិអ្វីធំដុំនៅក្នុងក្រុមហ៊ុនឡើយ ប៉ុន្តែក្រោយពីធ្វើការស៊ើបអង្កេតតុលាការក៏បានចេញដីកាឃាត់ខ្លួនពួកគេទាំង ៣ នាក់ ដើម្បីស្រាវជ្រាវសួរចម្លើយបន្ត៕