នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ លោកស្រី ជិន គឹមអូន រស់នៅខេត្តកំពង់ធំ បានចេញមុខបកស្រាយជុំវិញព័ត៌មានគណនីហ្វេសបុកដែលមានឈ្មោះ Tan Kimsour ជារឿងប្រឌិតបំភ្លៃការពិត នាំអោយសាធារណជនមានការយល់ច្រឡំ ដែលបានបង្ហោះរូបភាព និងខ្លឹមសារ ថា៖
"រឿងសំខាន់ដែលត្រូវការឲ្យបងប្អូនចូលរួមចែករំលែក ខញុំទើបតែទទួលបានការផ្តល់ព័ត៍មានពីមន្ត្រីឧទ្យានុរក្សថ្នាក់តូចម្នាក់ដែលសុំមិនឲ្យបញ្ចេញឈ្មោះ៖មេឈ្មួញបំផ្លាញព្រៃឡង់២នាក់ប្តីប្រពន្ធ ដែលតែងតែបង្កើតបទល្មើសព្រៃឈើទូទាំងខេត្តព្រះវិហារត្រូវបានចាប់ខ្លួនដោយក្រសួងមហាផ្ទៃ តែចាប់មិនទាន់បាន៣ថ្ងៃផង ត្រូវបញ្ជាឲ្យដោះលែងវិញ ហើយថែមទាំងគម្រាមប្រមាថមន្ត្រីបរិស្ថានថា បើហ៊ានចាប់ ត្រូវដកមន្ត្រីនោះចេញភ្លាម ព្រោះខ្នងគាត់ក្រាស់។ នេះហើយគឺជាមេឈ្មួញដែលប្រមូលទិញឈើនៅខេត្តកំពង់ធំនិងព្រះវិហារ ជាពិសេសនៅភ្នំត្នោតតែម្តងដែលតែងតែបង្ករការឈើក្បាលដល់លោកបេន ដេវិស។ ខ្ញុំក៏ដូចអ្នកទាំងអស់គ្នាដែរ ចង់ដឹងណាស់ថាខ្នងពួកគាត់ហ្នឹងជាអ្នកណា?
សូមពុកម៉ែបងប្អូនជួយចូលរួមតាមដាននិងយកចិត្តទុកដាក់ចំពោះរឿងនេះផង បើនៅតែបណ្តោយឲ្យមានរឿងបែបនេះបន្តកើតឡើងទៀត បទល្មើសព្រៃឈើនៅតែបន្តកើតមានឡើងមិនឈប់ឈរ ហើយទោះបីមានអ្នកការពារព្រៃឈើ១ផែនដីទៀតក៏ការពារមិនឈ្នះដែរ។ "
ជាមួយគ្នានេះលោកស្រី ជិន គឹមអូន បានបញ្ជាក់ថា រូបភាពនៅក្នុងរថយន្តដែលលោក Tan Kimsour បានបង្ហោះនោះជារូបភាពយូរណាស់មកហេីយ គ្រាដែលលោកស្រីត្រូវបានក្រសួងមហាផ្ទៃនាំទៅបំភ្លឺលេីករណីវិវាទទាស់ទែងពាក្យសម្តីគ្នាជាមួយភាគីម្ខាងទៀត តែរឿងនេះត្រូវបានដោះស្រាយចប់សព្វគ្រប់ និងបានបញ្ចប់វិវាទនេះជិត៣ខែមកហេីយ ។ ហេីយរូបភាពនេះមិនពាក់ព័ន្ធនឹងបទល្មេីសព្រៃឈេីនោះទេ ។ លោកស្រីបន្ថែមថា ការបង្ហោះរូបភាពនិងខ្លឹមសារ នៅលេីបណ្តាញហ្វេសបុករបស់លោក Tan Kimsour ជាចេតនាមួយធ្វេីអោយមហាជនមានការភ័ន្តច្រឡំ និងធ្វេីអោយប៉ះពាល់កិត្តិយសដល់រូបគាត់យ៉ាងធ្ងន់ធ្ងរ ។
លោកស្រី ជិន គឹមអូន បានបញ្ជាក់ទៀតថា ចំពោះការចោទប្រកាន់លោកស្រីពាក់ព័ន្ធបទល្មេីសព្រៃឈេី លោកស្រីសុំធ្វេីការច្រានចោល ព្រោះទីតាំងប្រកបអាជីវកម្មដេប៉ូឈេីរបស់លោកស្រីគឺមានច្បាប់គ្រប់គ្រាន់ ឬបេីលោកតាន់គឹមសួរ ចង់ដឹងច្បាស់អាចមកដល់កន្លែងលោកស្រីក៏បាន ។
លោកស្រីបន្តទៀតថា ក្រោយឃេីញលោក Tan Kimsour បង្ហោះបែបនេះ លោកស្រី ក៏បានព្យាយាមទាក់ទងទៅលោក តាន់ គឹមសួរ តាមរយៈ លេខទូរស័ព្ទ 012982425 ជាច្រេីនដងដែរ និងបានបង្ហាញឯកសារមួយចំនួន ទៅក្នុងផេកហ្វេសបុករបស់លោក តាន់ គឹមសួរ ដេីម្បីបំភ្លឺអោយលោកបកស្រាយឡេីងវិញតែលោកមិនលេីកទូរស័ព្ទ និងមិនតបសារឡេីយ ។