ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០៥នាក់បានលង់ទឹកសមុទ្រ ពេលនាំគ្នាចុះលេងទឹកសមុទ្រនៅចំណុច ខាងក្រោមដើមឈើចាំស្នេហ៍ តំបន់ពយម៉ាចូវ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈព្យុះរលកសមុទ្រធំៗ វាយបក់ យ៉ាងខ្លាំងៗនោះ
ប្រភពចុងក្រោយបានឲ្យដឹងថា សាកសពជនរងគ្រោះម្នាក់ទៀតចុងក្រោយគេ ភេទប្រុស ត្រូវបានសមត្ថកិច្ចនិងក្រុមសង្គ្រោះស្វែងរកឃើញកាលពី វេលាម៉ោងជាង១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី៨ខែតុលាឆ្នាំ២០២១នេះ ដូច្នេះក្នុងចំណោមជនរងគ្រោះទាំង៥នាក់ ដែលលង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពី រសៀលថ្ងៃ៧តុលាម្សិលមិញ រកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។
ជនរងគ្រោះជាសាច់ញាតិនឹងគ្នាដែលត្រូវជាបងប្អូនបង្កើតនិងជាបងប្អូនជីដូនមួយ រួមមាន៖
ទី១/ ឈ្មោះលេង ស្រីឌៀប ភេទស្រី អាយុ ២៥ ឆ្នាំ ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់មុខរបរកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង (ស្លាប់) ។
ទី២/ ឈ្មោះ លេង ជ្រូក ភេទប្រុសអាយុ ១៩ឆ្នាំ,មុខរបរនៅផ្ទះ (ស្លាប់)។
ទី៣/ ឈ្មោះ លេង ធីតា ភេទស្រីអាយុ ១៦ឆ្នាំ មុខរបរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ (ស្លាប់)។
ទី៤/ ឈ្មោះលេង ដាវ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ (ស្លាប់)។
ទី៥/ ឈ្មោះលេង ជា ភេទប្រុស អាយុ១១ឆ្នាំ ទីលំនៅ ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់(ជួយសង្គ្រោះបាន)។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងការសោកស្តាយជាខ្លាំងចំពោះឧបទ្ទវហេតុដែលមិនគួរកើតមាននេះ និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព៕