ម្ចាស់ដេប៉ូចែកចាយផល អនុផលព្រៃឈើ ឋិតក្នុងចំណុចភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានច្រាលចោលព័ត៌មាន ដែលបណ្តាញផ្សព្វផ្សាយមួយចំនួន បានចុះផ្សាយដោយគ្មានក្រមសីលធម៌ច្បាស់លាស់ បំភ្លៃការពិត ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរខ្លួន និងមន្រ្តីជំនាញ នៅក្នុងខេត្តព្រះវិហារ ។ ដែលក្នុងសារព័ត៌មានមួយចំនួន បានចោទថា ខ្លួន និងមន្រ្តីជំនាញ និងសមត្ថកិច្ចមួយចំនួន មានការត្រូវរ៉ូវគ្នា ឲ្យមានការដឹកជញ្ជូនឈើខុសច្បាប់ គឺជាការមិនពិត និងបំផ្លៃការពិតទាំងស្រុង នាំឲ្យមានការភ័ន្តច្រឡំ ពីសាធារណៈជន ។
ជុំវិញការផ្សព្វផ្សាយព័ត៌មានបំផ្លៃការពិតនេះ ម្ចាស់ដេប៉ូឈើរូបនោះ បានបំភ្លឺប្រាប់អ្នកសារព័ត៌មានថា ការផ្សព្វផ្សាយព័ត៌មានមិនពិតពីសំណាក់ក្រុមអ្នកសារព័ត៌មាន មួយចំនួន មិនត្រឹមតែបានធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរបស់រូបគាត់ជាម្ចាស់ដេប៉ូឈើស្របច្បាប់នោះទេ ថែមទាំងប៉ះពាល់ដល់ថ្នាក់ដឹកនាំខេត្តព្រះវិហារ និងធ្វើឲ្យសាធារណៈជន មានការយល់ច្រឡំថែមទៀតផង ។
មូលហេតុដែលម្ចាស់ដេប៉ូឈើខាងលើលើកឡើងបែបនេះ ដោយសារតែនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានក្រុមអ្នកសារព័ត៌មានមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់ឧបករណ៍ដ្រូន ថតពីលើអាកាស រំលោភលើសិទ្ធិខាងរូបភាព មកលើដេប៉ូឈើ និងយកទៅចុះផ្សាយបំភ្លៃការពិត ដោយគ្មានការសាកសួរ និងគ្មានការអនុញ្ញាតពីម្ចាស់ដេប៉ូឈើឡើយ ។ ក្រោយមករូបលោកជាម្ចាស់ដេប៉ូបានទូរស័ព្ទបកស្រាយនឹងបំភ្លឺជាច្រើនដល់អ្នកសារព័ត៌មានមួយក្រុមនោះ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិដោយថតរូប ទីតាំង អាជីវកម្មស្របច្បាប់របស់លោកដោយគ្មានការអនុញ្ញាត ។ គ្រានោះអ្នកកាសែតដែលបានថតរូបភាពពីលើអាកាស នោះក៏បានសុំទោស និងយល់ព្រមលុបរូបភាពដែលបង្ហោះនៅលើបណ្តាញសារព័ត៌មានរបស់ខ្លួនវិញ ។ ស្រាប់តែពេលនោះក៏មានអ្នកព័ត៌មានមួយចំនួនតូច ឈ្លាតឱកាសយករូបភាពទាំងនោះ ទៅចុះផ្សាយបំភ្លើស និងបំភ្លៃការពិត ជាបន្តបន្ទាប់ ដែលធ្វើឲ្យមហាជនគិតថា ម្ចាស់ដេប៉ូចែកចាយឈើនៅចំណុចក្រាំងដូង និងមន្រ្តីមួយចំនួននៅខេត្តព្រះវិហារ កំពុងតែប្រព្រឹត្តអំពើល្មើសច្បាប់ដូចការចោទប្រកាន់ ដោយគ្មានការពិត គ្មានប្រភពច្បាស់លាស់ទាល់តែសោះ ។
ជុំវិញការបំផ្លៃការពិត ក្នុងសារព័ត៌មានក្នុងស្រុកមួយចំនួនកន្លងទៅនេះ ម្ចាស់ដេប៉ូចែកចាយឈើ នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក៏បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងអាជីវកម្មរបស់លោក គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ នឹងមានលិខិតអនុញ្ញាតដឹកជញ្ជូន ហៅកាត់ថា ( PC ) ដែលចេញដោយមិនមន្រ្តីជំនាញថែមទៀតផង ។ លោកបន្តទៀតថា ក្នុងនាមម្ចាស់ដេប៉ូឈើ បានបើកទ្វាចាំទទួលការបំភ្លឺព៏ត៌មានពីគ្រប់ទិសទី ពីអ្នកសារព័ត៌មានដែលចង់ដឹងការពិត ដូច្នេះលោកបានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ ប្រសិនបើចង់ដឹងថា អាជីវកម្មដេប៉ូឈើ មានច្បាប់ ឬគ្មានច្បាប់ ឬគ្មានប្រភពនាំឈើចូល សូមអញ្ជើញមកទីតាំងដេប៉ូឈើលោកផ្ទាល់ ដើម្បីបង្ហាញនូវឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម សព្វថ្ងៃ នៅក្នុងដេប៉ូឈើរបស់គាត់ ។
លោកបានបញ្ជាក់ទៀតថា បញ្ហានេះ ក៏មានអ្នកសារព័ត៌មានខិលខូចមួយចំនួន គ្មានវិជ្ជាជីវៈត្រឹមត្រូវ តែងតែមកទាមទារ និងកំហែងយកលុយពីដេប៉ូឈើខាងលើ នៅពេលដែលពួកគេទាមទារមិនបាន ពួកគេតែងតែដើរអុជអាល ញុះញ៉ុង ផ្សព្វផ្សាយព័ត៌មានបំផ្លៃការពិត ធ្វើឲ្យមានការយល់ច្រឡំដល់មហាជន ។
ជាមួយគ្នានេះដែរ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តព្រះវិហារ បានលើកឡើងថា តាមការកត់សម្គាល់ អ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្នុងមន្ទីរព័ត៌មានខេត្តព្រះវិហារ គឺបានបំពេញការងារ ស្របតាមវិជ្ជាជីវៈល្អណាស់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងការរួមចំណែកផ្សព្វផ្សាយការអភិវឌ្ឍសង្គម នៅក្នុងខេត្តព្រះវិហារ ។ ដោយឡែកចំពោះអ្នកសារព័ត៌មាន ដែលបានចេញចូលមកបំពេញបេសកកម្ម ក្នុងខេត្តព្រះវិហារ ដោយអ្នកកាសែតខ្លះ មិនបានប្រកបតាមវិជ្ជាជីវៈ ក្នុងនាមជាអ្នកសារព័ត៌មាននោះទេ ជាពិសេសនោះចំពោះអ្នកសារព័ត៌មានដែលធ្វើដំណើរ ឆ្លងខេត្ត ពីខេត្តមួយទៅខេត្តមួយ ដោយក្រុមខ្លះមាន៤ ទៅ៥ឡាន នៅចំណុចមុខ ក្រុមហ៊ុន ទ្រី ភាព ស្រុករវៀង ខេត្តព្រះវិហារ និងចំណុច ក្បាលគោ ឋិតក្នុងព្រំប្រទល់ស្រុករវៀងជាមួយស្រុកជ័យសែន និងនៅតាមព្រំប្រទល់រវាងខេត្តនឹងខេត្ត ជាប់ខេត្តព្រះវិហារ តែងតែសង្កេតឃើញ ចាំកាក់ទារលុយឡានដឹកឈើជាប្រចាំ ដោយមិនខ្វល់ពី តួនាទី វិជ្ជាជីវៈរបស់ខ្លួនឡើយ ។