កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីរាយការណ៍ស្តីពីការប្រើប្រាស់ប័ណ្ណសំគាល់រថយន្តពេល-ចេញ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយមានបងប្អូនប្រជាពលរដ្ឋខ្លះបានយកទៅប្រើប្រាស់ខុសច្បាស់ ដូចជា ធ្វើអាជីវកម្ម (ទិញ-លក់) និងប្រើប្រាស់សំរាប់ដាក់ឡានអត់ពន្ធជាដើម នេះជាខ្លឹមសារដែល ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖
១.ប័ណ្ណចេញ-ចូល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានផលិតជាប្រចាំឆ្នាំ តាមចំនួនកំណត់សម្រាប់ផ្តល់ជូន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អង្គភាព មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល អង្គការដៃគូរ និងភ្ញៀវ ដែលមានទំនាក់ទំនងការងារចេញ-ចូលបរិវេណក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
២.ប័ណ្ណនេះ សម្រួលដល់ការត្រួតពិនិត្យរបស់កម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារចេញ-ចូលបរិវេណ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
៣.ប័ណ្ណនេះអាចប្រើបាន លុះត្រាតែមានបោះត្រាក្រសួងមហាផ្ទៃ (សម្រាប់ប័ណ្ណក្រសួងមហាផ្ទៃ) ឬបោះត្រាអគ្គស្នងការដ្ឋាននគរបាលជាតិ (សម្រាប់ប័ណ្ណអគ្គស្នងការដ្ឋាននគរបាលជាតិ) និងត្រូវបានហាមឃាត់ចំពោះការប្រើប្រាស់ប័ណ្ណថតចម្លង។
៤.ជាគោលការណ៍រួម ប័ណ្ណចេញ-ចូលនេះ ផ្តល់ជូនដោយឥតគិតថ្លៃ ក្នុងករណីដែលជនណាយកប័ណ្ណទាំងនេះទៅធ្វើអាជីវកម្ម (ទិញ-លក់) ជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមមុខចំពោះការអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។
៥.នាយកដ្ឋានជំនាញ កំពុងធ្វើការស្រាវជ្រាវ និងឈានដល់ការកោះអញ្ជើញឱ្យចូលខ្លួនចំពោះជនណាដែលបានយកប័ណ្ណទាំងនេះទៅផ្សព្វផ្សាយ ឬធ្វើអាជីវកម្ម (ទិញ-លក់) ដើម្បីអនុវត្តវិធានការជំនាញ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាទទួលជ្រាបជាព័ត៌មាន៕