OPPO បញ្ចេញវ៉ែនតាវៃឆ្លាត OPPO Air Glass ជាមួយបច្ចេកវិទ្យាទំនើប ពិសេសអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់កាន់តែប្រសើរ
ស៊ីហៀង
-

បច្ចេកវិទ្យា ៖ បច្ចុប្បន្ននេះជាយុគសម័យជឿនលឿន ចំណែកបច្ចេកវិទ្យាក៏កាន់តែទំនើប និងរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឲ្យមនុស្សម្នាក់ៗមិនអាចខ្វះបាននូវឧបករណ៍បច្ចេកវិទ្យាក្នុងការរក្សាទំនាក់ទំនង ការកម្សាន្ត និងការបំពេញការងារប្រចាំថ្ងៃជាដើម។ មិនតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំសម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាពិសេសអ្នកចូលចិត្ត Review ផលិតផលបច្ចេកវិទ្យាថ្មីៗនៅលើពិភពលោកគឺតែងតែទន្ទឹងរង់ចាំពីការប្រកាសចេញនូវបច្ចេកវិទ្យាទំនើបៗ ពិសេសគឺរបកគំហើញថ្មីៗរបស់ក្រុមហ៊ុន OPPO ផ្ទាល់តែម្តង។

ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ OPPO បានធ្វើព្រឹត្តិការណ៍ OPPO INNO Day ដ៏ធំប្រចាំឆ្នាំ ដែលព្រឹត្តិការណ៍នេះបានក្លាយជាប្រធានបទយ៉ាងក្តៅគគុកខ្លាំងក្នុងការវែកញែកពីរបកគំហើញថ្មីៗពីសំណាក់អ្នកនិយមចូលចិត្តនូវបច្ចេកវិទ្យា។ ដោយឡែកសម្រាប់ឆ្នាំនេះវិញ OPPO INNO Day ក៏មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តដែរ ដោយបានលាតត្រដាងនូវរបកគំហើញថ្មីៗរបស់ខ្លួនចំនួន 3 រួមមាន OPPO Find N, បន្ទះឈីប Masilicorn X និងវ៉ែនតាឆ្លាតវៃ OPPO Air Glass ដែលសមិទ្ធិផលទាំងនេះ OPPO បានធ្វើការរិះរកអស់រយៈពេលជាយូរលើការច្នៃប្រឌិត ការសិក្សាស្រាវជ្រាវ និងរចនាបថឌីហ្សាញឲ្យកាន់តែមានភាពទាក់ទាញនិងល្អប្រសើរជាងមុនគួរឲ្យកក់សម្គាល់។ ដោយក្នុងនោះបណ្តាសារព័ត៌មានល្បីៗ និងមនុស្សម្នាជាច្រើនបានផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើវ៉ែនតាវៃឆ្លាត OPPO Air Glass ជារបកគំហើញថ្មីនិងចុងក្រោយបង្អស់ដែលបានបំពាក់នូវលក្ខណៈពិសេស និងបច្ចេកវិទ្យាសំខាន់ៗជាច្រើនរួមមាន អាកាសធាតុ ប្រតិទិន មុខងារតាមដានសុខភាព មុខងារតម្រង់ទិស, Telepromotor, មុខងារបកប្រែ ព្រមទាំងមុខងារផ្សេងៗជាច្រើនទៀតផងដែរ។ ដូចនេះចង់ដឹងអត់ថា មុខងារទាំងនេះនៅលើ OPPO Air Glass ផ្តល់សារប្រយោជន៍អ្វីខ្លះ?

• ការជូនដំណឹងពីអាកាសធាតុ: ជាមុខងារបង្ហាញពីរបាយការណ៍អាកាសធាតុប្រចាំថ្ងៃបានយ៉ាងត្រឹមត្រូវបំផុតនៅលើកញ្ចក់វ៉ែនតាវៃឆ្លាត OPPO Air Glass ព្រមទាំងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការមើលផងដែរ។

• ប្រតិទិន: ជាមុខងារបង្ហាញប្រាប់ពេលវេលា កាលបរិច្ឆេទ ព្រមទាំងរំលឹកការងារប្រចាំថ្ងៃរបស់លោកអ្នកយ៉ាងច្បាស់ៗតែម្តង។

• មុខងារតាមដានសុខភាព: ជាមុខងារដ៏មានសារៈសំខាន់ក្នុងការតាមដានសុខភាពប្រចាំថ្ងៃដ៏ល្អប្រសើរព្រមទាំងជាតម្រូវការសម្រាប់អ្នកប្រើប្រាស់។

• មុខងារតម្រង់ទិស: ជាមុខងារដែលអាចបង្ហាញផែនទី ឬក៏បង្ហាញជាទិសដៅនៅលើកញ្ចក់ OPPO Air Glass របស់យើងដោយផ្ទាល់។

• Telepromotor: ជាមុខងារជំនួយក្នុងពេលឡើងធ្វើបទបង្ហាញ ឬសុន្ទរកថា ដោយលោកអ្នកគ្រាន់តែបញ្ចូលព័ត៌មានសំខាន់ ឬអត្ថបទដែលត្រូវនិយាយនៅក្នុងវ៉ែនតា រួចកំណត់ទំហំអក្សរ និងកំណត់ពីល្បឿនអក្សរនៅលើអេក្រង់វ៉ែនតាជាការស្រេច។

• មុខងារបកប្រែ: ជាមុខងារជំនួយដ៏ល្អបំផុតក្នុងការជួយបង្កើនភាពប្រាស្រ័យទាក់ទងរវាងមនុស្សពីរនាក់តាមរយៈវ៉ែនតា OPPO Air Glass ដែលវាអាចបកប្រែដោយស្វ័យប្រវត្តិពីភាសាចិន-អង់គ្លេស បានភ្លាមៗលក្ខណៈ Real-time ផងដែរ។ ចំណែកសម្រាប់ភាសាចិន-ភាសាជប៉ុន និងភសាចិន-ភាសាកូរ៉េ នឹងមានបន្តទៀតក្នុងពេលឆាប់ៗនេះ។

លើសពីនេះវ៉ែនតាវៃឆ្លាត OPPO Air Glass ក៏មានសមត្ថភាពអាចកាន់ថ្មបានយូរ និងមានអង់តែនសម្រាប់ចាប់ប្រព័ន្ធ Wi-Fi/ Bluetooth, Mircrophone, Speaker ព្រមទាំងអាចគ្រប់គ្រងការប្រើប្រាស់ដោយប៉ះបញ្ជាលើដងវ៉ែនតាជាមួយនឹងការ បញ្ជាដោយការប៉ះ បញ្ជាដោយកាយវិការ និងបញ្ជាដោយការងក់ក្បាលជាដើម។ ហើយវ៉ែនតានេះបានបំពាក់នូវប្រព័ន្ធ Projector និង Motherboard របស់ OPPO ផ្ទាល់ដែលគាំទ្រដំណើរការលើការប្រើប្រាស់ទូទៅដោយបន្ទះឈីប Qualcomm Snapdragon Wear 4100 និងដំណើរការចាប់ពី ColorOS 11 ឡើងទៅ។

ងាកចូលដល់ការរចនាបថនៅលើវ៉ែនតាវៃឆ្លាត OPPO Air Glass វិញម្តងគឺវាបានរចនាឡើងដោយមានកញ្ចក់វ៉ែនតាទោល ឬហៅថា Single Lens Design ដែលស្ថិតនៅកញ្ចក់ខាងស្តាំ។ ចំណែកដងវ៉ែនតា និងស៊ុមកញ្ចក់វ៉ែនតាស្រោបដោយសារធាតុម៉ាញ៉េទិច និងស្រោបពីលើដោយកញ្ចក់ដោយអាចឆក់ភ្ជាប់ជាមួយដងវ៉ែនតាខាងស្តាំ រីឯទម្ងន់វិញក៏ស្រាលផងដែរត្រឹមតែ 30g តែប៉ុណ្ណោះ។ ហើយវ៉ែនតាវៃឆ្លាតនេះមានភ្ជាប់មកជាមួយអំពូល Spark Micro Projector ដែលធ្វើការរួមគ្នាជាមួយកញ្ចក់វ៉ែនតាប្រភេទ micro-LED ដែលគាំទ្រមុខងារបង្ហាញពីរកម្រិត គឺកម្រិត 16-Level grayscale និង 256-Level grayscale ជាមួយកម្រិតពន្លឺ 1,400nits គាំទ្រមុខងារ vivid color និង sharp virtual display ទៀតផង។ ហើយអ្វីដែលកាន់តែពិសេសក្រុមហ៊ុន OPPO សន្យាថានឹងនៅតែបន្តការអភិវឌ្ឍន៍ខ្លួនឆ្ពោះទៅកាន់អនាគតដើម្បីស្វែងរកនូវបច្ចេកវិទ្យាទំនើបៗ របកគំហើញថ្មីៗជាបន្តឥតឈប់ឈរដោយមិនឲ្យអ្នកគាំទ្រខកចិត្តឡើយ។ ដោយឡែកសម្រាប់ព័ត៌មានបន្ថែមអំពីវ៉ែនតាវៃឆ្លាត OPPO Air Glass និងរបកគំហើញថ្មីៗសូមតាមដាននៅលើផេគហ្វ៊េសប៊ុករបស់ក្រុមហ៊ុន OPPO ៕