ភ្នំពេញ ៖ ក្រោយពីមានការជ្រួលច្របល់នូវពាក្យមិនពិតដែលថា នឹងមានការបិទខ្ទប់ប្រទេសដូចកាលឆ្នាំ២០២១ នោះ ពេលនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានថ្លែងការណ៍យ៉ាងច្បាស់ៗកំលុងពេលបើកការដ្ឋានសាងសង់ ស្ថានីយ៏ប្រព្រឹត្ដកម្មទឹកកង្វក់ ដែលមានទីតាំងស្ថិតនៅបឹងជើងឯក រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន នៅក្នុងថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ ២០២២ ដោយបានលើកឡើងថា កម្ពុជាមិនមានភាពចាំបាច់ត្រូវបិទខ្ទប់ប្រទេស ឬរាជធានីភ្នំពេញដូចកាលឆ្នាំទៅនោះឡើយ ដោយសារតែអត្រានៃអ្នកចាក់វ៉ាក់សាំងមានកម្រិតខ្ពស់។
ក្នុងនោះសម្ដេចតេជោក៏បានលើកបន្ថែមថា កុំឲ្យប្រជាពលរដ្ឋមានការជ្រួលច្របល់រត់ទៅទិញស្បៀងអាហារ ឬសម្ភារះប្រើប្រាស់នានា ដែលនាំឲ្យតម្លៃទំនិញទាំងនោះឡើងខ្ពស់ខុសប្រក្រតី និងសូមកុំមានការព្រួយបារម្ភអំពីរឿងដែលរាជរដ្ឋាភិបាលចង់បិទប្រទេសឡើងវិញម្ដងទៀតនោះ។
ជាថ្មីម្ដងទៀត សម្ដេចហ៊ុនសែន ក៏បានធ្វើការក្រើនរំលឹក ឲ្យប្រជាជនមានការប្រុងប្រយ័ត្ននិងមានការយកចិត្ដទុកដាក់ខ្ពស់ និងចូលរួមបន្ដអនុវត្ដន៍វិធានការណ៍របស់ក្រសួងសុខាភិបាល បីកុំ និងបីការពារ និងធ្វើការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីកុំឲ្យមានការឆ្លងពីវីរុសកូវីដ១៩ ដែលបណ្ដាលឲ្យមានសភាពធ្ងន់ធ្ងរទៅដល់សុខភាព។ ដោយឡែកបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញអំពីករណីនៃអ្នកឆ្លងជំងឺកូវីដនៅក្នុងថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ ២០២២ ដែលមានអ្នកឆ្លងថ្មីរហូតដល់ ៥៩៨ករណី។
អត្ថបទ៖ qi an
ប្រភព៖ SPM