លោក Victor Hugo Sosa អភិបាលក្រុង San Pedro Vamelula ក្នុងប្រទេសម៉ិកស៊ិក បានរៀបការជាមួយ Alligator ញីវ័យជំទង់ នៅថ្ងៃព្រហស្បតិ៍ (30 មិថុនា) នេះបើតាមជំនឿក្នុងតំបន់ចាប់តាំងពីការចាប់ផ្ដើមនៃការគ្រប់គ្រងរបស់អេស្ប៉ាញ ដែលនឹងនាំមកនូវភាពរុងរឿងដល់សហគមន៍។
ក្រៅពីស្លៀកឈុតសម្រាប់សត្វក្រពើខាងលើ លោក Sosa ក៏បានថើប និងរាំជាមួយកូនក្រមុំល្មូនមួយនេះដែរ។ ខណៈមាត់កូនក្រមុំត្រូវបានចងជាប់ ដើម្បីកុំឱ្យមានការវាយប្រហារទៅលើភ្ញៀវ ជាពិសេសលោកអភិបាលក្រុង កំឡុងពេលដែលលោកកំពុងតែថើបកូនក្រមុំដែលជាសត្វល្មូនមួយក្បាលនោះ។
អ្នកស្រុកបែបនេះជឿថា Alligator គឺជាអាទិទេពតំណាងឱ្យមាតាធម្មជាតិ។ ហើយពិធីនេះមានន័យថាជានិមិត្តរូបថាមនុស្សនិងព្រះមានទំនាក់ទំនងគ្នា។ លោកSosa បានថ្លែងក្នុងពិធីនោះថា «យើងសុំទឹកភ្លៀងពីធម្មជាតិ សុំអាហារទាល់តែបានត្រីក្នុងទឹក»។ មិនតែប៉ុណ្ណោះពិធីមង្គលការអ្នកភូមិក៏នាំកូនក្រមុំរូបនោះ ដើរដង្ហែជុំវិញភូមិដោយមានក្រុមតន្ត្រីលេងយ៉ាងរស់រវើក។
អ្នកមើលថែសត្វក្រពើ ឈ្មោះ Elia Edit Aguilar បាននិយាយថា យើងត្រូវការពេលវេលាយូរណាស់ ក្នុងការ ជ្រើសរើសសំលៀកបំពាក់សម្រាប់កូនក្រមុំដែលជាសត្វល្មូនមួយក្បាលនេះ យ៉ាងល្អិតល្អន់សម្រាប់ពិធីនេះផងដែរ ប៉ុន្ដែគ្រប់គ្នាសប្បាយចិត្ដ នៅពេលដែលចូលរួមពិធីដ៏ស្រស់ស្អាតមួយនោះ ។