ជឿជាក់ថា លោកៗស្រី អ្នកនាងកញ្ញាជាទីមេត្រី ពិតជាបានជ្រាបរួមកហើយថា កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ មេតុងទីនអនឡាញឈ្មោះ អឿន មូលីកា ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរតាមពាក្យបណ្ដឹងថ្មីមួយទៀតដែលជាប់ពាក់ព័ន្ធអំពើឆបោក ។ នេះបើយោងតាមដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទ អឿន មូលីកា របស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាលាដំបូងបានបញ្ជាក់ថា សំណុំរឿងឆបោកដែលលោកព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន ចាត់ការនេះមានដើមបណ្ដឹងឈ្មោះ វឿន ដាវីន ភេទស្រី អាយុ ២១ឆ្នាំ ជាអ្នកប្ដឹង ប៉ុន្តែមានទឹកប្រាក់ឆបោកប៉ុន្មាននោះមិនត្រូវបានដឹងទេ ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនមេតុងទីនអនឡាញ អឿន មូលីកា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ« មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពោលគឺពាក់ព័ន្ធចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦៥០០០ដុល្លារអាមេរិក។
គួរបញ្ចាក់ថា អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ (១៩៩៥) មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេល២ថ្ងៃមក លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២តែម្តងទៅ។
គួររំលឹកផងដែរថា នៅកាលពីវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ឬហៅថា ចេញសែកស្អុយ។
យ៉ាងណាមិញអ្វីដែលគួរឲ្យមានការចាប់អារម្មណ៍នោះគឺនៅកាលពីពេលថ្មីៗនេះ គេបានឃើញស្វាមីរបស់ មេតុងទីន អនឡាញ អឿន ម៉ូលីកា បានចេញមុខធ្វើការ ឡាយវិដេអូទម្លាយរឿងរ៉ាវមួយចំនួន និងលើកដៃសំពះសូមម្ចាស់បំណុលឈប់ដាក់ពាក្យបណ្តឹងលើប្រពន្ធរបស់ខ្លួនទៀត ដើម្បីឲ្យ ម៉ូលីកា ឆាប់បានចេញពីពន្ធធនាគារ មករកលុយសងម្ចាស់បំណុលទាំងអស់ខ្លួនបានជំពាក់ ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖