(ភ្នំពេញ)៖ ក្រោយពីប្រជាពលរដ្ឋភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ប្រតិកម្មរឿងអត់ចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិនោះ នៅវេលាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌសក់ ច័ន្ទកញ្ញារិទ្ធិ បានបើកធ្វើវេទិការសាធារណៈមួយដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងដោយការភាន់ច្រឡំ។
ពិធីនោះមានការចូលរួមពីមន្រ្តិការិយាល័យដែនដីនគរូបនីយកម្ម សំណង់ភូមិបាល និងសុរិយោដី និងមន្រ្តីការិយាល័យជុំវិញខណ្ឌ ព្រមទាំងប្រជាពលរដ្ឋប្រមាណ១០០នាក់ ដឌលបានទិញដីឡូត៌ពីក្រុមហ៊ុនយាប សុវណ្ណា ហើយពួកគាត់ទទួលបានតែលិខិតផ្ទេរសិទ្ធិ(ប្លង់ទន់)ដោយក្រុមហ៊ុនពុំទាន់មិនទាន់បំបែកក្បាលដីជូននៅឡើយ។
នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌបានបើកឲ្យប្រជាពលរដ្ឋបញ្ចេញមតិដើម្បីអស់ចម្ងល់និងទុក្ខកង្វល់ដែលពួកគាត់មានហើយលាក់ទុកក្នុងចិត្ត ទើបខណៈនោះប្រជាពលរដ្ឋក៏បានសួរនូវសំណួរជាច្រើនតាមការបើកឲ្យសួរនោះ។ ប្រជាពលរដ្ឋបានសួរពាកព័ន្ធទៅនិងនិតិវិធីនៃការផ្ទេរសិទ្ធិអចលនវត្ថុ និងការបំបែកក្បាលដីដែលមានប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) ជាពិសេសសួរពីមូលហេតុដែលលោកអភិបាលខណ្ឌមិនចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិឲ្យពួកគាត់លក់ដូរបានជាដើម។
លោកអភិបាលខណ្ឌពោធិ៍សែនជ័យបានស្រាយបំភ្លឺជូនប្រជាពលរដ្ឋថា មូលហេតុនៃការដែលលោកពុំព្រមចុះហត្ថលេខាជូននោះ គឺដោយសារតែលិខិតផ្ទេរសិទ្ធិនោះមានជាប់ប្លង់រឹង ពុំទាន់បំបែកក្បាលដីនៅឡើយ បើចុះហត្ថលេខាខុសនិងគោលការណ៍ក្រសួងដែនដីនគរូបនីយកម្ម សំណង់ភូមិបាល និងសុរិយោដី។ហើយមិនមែនលោកមិនចុះហត្ថលេខាទាំងអស់គ្រប់លិខិតផ្ទេរសិទ្ធិនោះទេ បើលិខិតផ្ទេរសិទ្ធិដែលមិនជាប់ពាក់ព័ន្ធនិងប្លង់រឹងទេនោះលោកចុះហត្ថលេខាជូនហើយ។
លោកអភិបាលខណ្ឌបានពន្យល់អំពីនិតិវិធីនៃការបំបែកក្បាលដី ការចំណាយប្រាក់ទៅលើថ្លៃប័ណ្ណកម្មសិទ្ធិ និងការបង់ពន្ធប្រថាប់ត្រាពេលកាត់ឈ្មោះជាដើម លោកបានចាត់ឲ្យមន្រ្តីការិយាល័យដែនដីនគរូបនីយកម្ម សំណង់ភូមិបាល និងសុរិយោដីខណ្ឌ ចុះធ្វើការវាស់វែងបំបែកក្បាលដីជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី៦ ខែមីនា នេះតទៅដើម្បីឆាប់បានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋយកមកប្រើការ។លោកបញ្ជាក់ថា ការចុះវាស់វែងមានរយៈពេលតែ២សប្ដាហ៍ទេ លើសពីនេះនិងចំហរចោលហើយ ចំណែកការកាត់ឈ្មោះប្រើរយៈពេលប្រមាណ២ខែទើបរួចរាល់ ហើយលោកនិងជួយជំរុញបន្ថែមឲ្យកាន់តែលឿនថែមទៀត ព្រមទាំងប្រើនិតិវិធីធ្វើឲ្យលម្អិត ដើម្បីការពារមិនឲ្យមានបញ្ហានៅថ្ងៃក្រោយ។
នៅទីបញ្ជប់លោកអភិបាលខណ្ឌបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ដែលត្រូវផ្ទេរសិទ្ធិសូមអញ្ជើញកាន់ឯកសារចូលទៅកាន់ច្រកចេញចូលតែមួយដោយខ្លួនឯង កុំពឹងពាក់អ្នករត់ការឲ្យសោះដែលនាំឲ្យអស់ប្រាក់ច្រើនហើយថែមទាំងមានការយឺតយ៉ាវទៀតផង៕ដោយ ៖ ជីម ភារ៉ា