នៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះ បើយោងតាមការចុះផ្សាយលើគេហទំព័រ បរទេសមួយដែលមានឈ្មោះថា Mondo Animali បានបង្ហោះរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ទាក់ទងនឹងការសត្វឆ្កែមួយក្បាល ដែលមានភក្ដីភាពចំពោះម្ចាស់វា ដែលបានស្លាប់ថ្មីៗនេះ នៅក្នុងពិធីបុណ្យស ព ម្ចាស់ របស់វា បានធ្វើឲ្យមនុស្សជាច្រើននៅជុំវិញនោះមានការក្តុកក្តួល និងស្រក់ទឹកភ្នែកជាខ្លាំង ។

សត្វឆ្កែមួយក្បាលនោះមានឈ្មោះថា Laika ដោយវាបានរស់នៅជាមួយម្ចាស់វា ប្រៀបដូចជាក្រុមគ្រួសារមួយដែលពោពេញទៅដោយភាពកក់ក្ដៅជាខ្លាំង ប៉ុន្ដែមិនយូរប៉ុន្មានម្ចាស់របស់វាបានចាប់ផ្ដើមធ្លាក់ខ្លួនឈឺ ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅពេលនោះម្ចាស់ឆ្កែ មានអារម្មណ៍ថាកម្លាំងរបស់គាត់ចុះខ្សោយនិងមានអារម្មណ៍ថាខ្លួនមិនអាចទ្រាំទ្រជាមួយនឹងជំងឺបានតទៀតទេ គាត់បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់នូវការប្រកាសអំពាវនាវដល់អង្គការសង្គ្រោះសត្វឱ្យថែរក្សាឆ្កែរបស់គាត់ឈ្មោះ Laika នៅពេលគាត់ស្លាប់ មិនបានប៉ុន្មានបុរសរូបនោះក៏បានបាត់បង់ជីវិត។

នៅថ្ងៃដែលម្ចាស់របស់ Laika បានទទួលមរណភាព សត្វឆ្កែមួយក្បាលនោះក៏ត្រូវបានគេយកទៅព្រះវិហារ ដើម្បីមើលម្ចាស់របស់វាជាលើកចុងក្រោយផងដែរ។ ប៉ុន្តែដោយសារវានៅក្នុងព្រះវិហារ ឆ្កែមិនត្រូវបានអនុញ្ញាតឲ្យចូលទេ ដោយសត្វឆ្កែមួយក្បាលនោះត្រូវបានគេយកវាទៅដាក់នៅខាងក្រៅទីធ្លានៃពិធិបុណ្យ ។ នៅពេលនេះ អាចារ្យម្នាក់បានឃើញឆ្កែឈរស្ងៀមនៅខាងក្រៅពិធីបុណ្យ ស ព ដូច្នេះគាត់ក៏បានសុំឱ្យអ្នកដែលចូលរួមក្នុងពិធី ដឹកសត្វឆ្កែមួយក្បាលនោះចូលមកបរិវេណទីធ្លានៃព្រះវិហារដូចមនុស្សទាំងពួងផងដែរ។

ពេលចូលទៅជិត ម ឈូ ស ម្ចាស់ភ្លាម ឆ្កែក៏លើកជើងឡើងឈរមើលម្ចាស់ជាលើកចុងក្រោយ។ ឈុតដ៏សោកសៅមួយនេះធ្វើឲ្យអ្នករាល់គ្នាមានការក្តុកក្តួល និងស្រក់ទឹកភ្នែកជាខ្លាំង ។ ដោយពិធីបុណ្យ ស ព ត្រូវបានធ្វើរួចរាល់នៅព្រះវិហាររហូតដល់លើក ចុងក្រោយ ម ឈូស ត្រូវលើកដាក់ឡាន ក៏សត្វឆ្កែមួយក្បាលនោះមិនចង់ចាកចេញពីម្ចាស់វាឡើយ ។






