មហាសង្ក្រាន្តឆ្នាំថោះ សង្ក្រាន្តនឹងចូលមកនៅថ្ងៃ សុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ព.ស. ២៥៦៦ គ.ស. ២០២៣ ម.ស. ១៩៤៥ ចុ.ស ១៣៨៥ វេលាម៉ោង ១៦:០០នាទី ដែលត្រូវនឹងវេននៃ ទេវធីតាមួយព្រះអង្គ ដែលជាបុត្រីទី៦ នៃកបិលមហាព្រហ្ម យាងចុះមកថែរក្សាជម្ពូទ្វីប។


ព្រះនាម ៖ ព្រះនាងកិមិរាទេវី
ភក្សាហារ ៖ ចេកណាំវ៉ា ចេកទឹក
សំពត់ពស្ត្រា ៖ ពណ៌សេត (ស)
ព្រះកាណ៌ ៖ លម្អព្រះកាណ៌ដោយសៀតផ្កា ចង្កុលណី
អាភរណ: ៖ ទ្រង់បុឞរាខ័ម (ត្បូងប៊ុត)
កេតនភណ្ឌ ៖ ព្រះហស្ថស្តាំទ្រង់ ព្រះខ័ន , ព្រះហត្ថឆ្វេងទ្រង់ពិណ
ពាហន: ៖ សត្វមហឹង្សា (ក្របី)
កិរិយា ៖ ទ្រង់គង់អង្គុយពាក់ឆៀង (សូមរងចាំទស្សនាអត្ថបទ និងរូបភាពស្តីពីកិរិយាទាំង៤នៃទេពធីតា អាស្រ័យតាមពេលវេលានៃការយាងចុះ ដែលនឹងផុសជូនជាបន្តបន្ទាប់)


នាងខ្ញុំ ដួង ម៉ានិច ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដោយបានគ្រងនូវឈុតសម្លៀកបំពាក់ «ដែលរចនាឡើងដោយយកលំនាំតាមគំនូរបុរាណ ក្នុងទម្រង់មកុដតួនាងមានលម្អរដោយឆព័ណ្ណរង្សី» ដែលនេះបានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ដ៏ត្រចះត្រចង់របស់ខ្មែរ តំណាងឲ្យទេវតាសង្ក្រាន្តឆ្នាំថ្មី ព្រះនាមកិមិរាទេវី ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ។


សូមបួងសួងដល់បារមីនៃបុព្វបុរសខ្មែរគ្រប់សម័យកាល សូមប្រទាននូវពរជ័យ គំនិត បញ្ញាស្មារតីដល់កុលបុត្រខ្មែរគ្រប់រូប រួបរួមគ្នាសិក្សាស្រាវជ្រាវ ស្រឡាញ់ ថែរក្សា និងលើកតម្តើង


នូវមរកតវប្បធម៌ជាតិយើងឲ្យកាន់តែផុសត្រដែតរូបរាង មានពន្លឺឡើងគ្រប់ទម្រង់ គ្រប់សម័យកាល ដើម្បីបង្ហាញលើឆាកជាតិ និង អន្តរជាតិនូវវប្បធម៌ដ៏រុងរឿងរបស់មហានគរខ្មែរ។ កូនខ្មែរជំនាន់ក្រោយ ពិតជាមានមោទនភាព និងគោរពកោតសរសើរដល់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏អស្ចារ្យ រចនាបទជាច្រើនសម័យកាល ដែលគួរឲ្យសិក្សាស្វែងយល់។






