ភ្នំពេញ៖ ក្រុមហ៊ុន បុរីពិភពថ្មីរបស់អ្នកឧកញ៉ា ហុង ពីវ នៅថ្ងៃទី២១ ខែសីហានេះ បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ពីគោលជំហររបស់ខ្លួនចំនួន ៣ ពាក់ព័ន្ធនឹងការតវ៉ាពីសំណាក់អតិថិជននាពេលថ្មីៗនេះ។
យោងតាមសេចក្តីថ្លែងការណ៍ បានលើកឡើងថា ក្រុមហ៊ុន បុរីពិភពថ្មី ចាប់ផ្តើមសាងសង់ផ្ទះលក់ជូនអតិថិជន ចាប់ពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ អស់រយៈពេល ២០ឆ្នាំមកហើយ។ អតិថិជន ដែលបានទិញសម្រាប់រស់នៅ ក៏បានចំណេញពីការឡើងថ្លៃនៃផ្ទះដែលកំពុងរស់នៅ រីឯអតិថិជនវិនិយោគដែលបានទិញ-លក់ៗ ក៏បានចំណេញ រាប់ម៉ឺនដុល្លារមកហើយដែរ។
មកដល់បច្ចុប្បន្ននេះ ដោយសារមានវិបត្តិសេដ្ឋកិច្ចសកល ប្រទេសយើង ក៏មិនអាចជៀសផុតបានដែរ ជាពិសេស ខាងវិស័យអចលនទ្រព្យ ដូចអតិថិជន បានយល់ដឹងហើយថា ទូកធំក្ដោងធំ អតិថិជនជួបវិបត្តិ ក្រុមហ៊ុនរឹតតែជួបវិបត្តិ កាន់តែធំជាងអតិថិជនទៅទៀត។ ប៉ុន្តែក្រុមហ៊ុន នៅតែសម្រួលជូនអតិថិជនតាមលទ្ធភាពដែលអាចធ្វើទៅបាន ៖
១-ក្រុមហ៊ុននៅតែអនុវត្ត ១០០% ទៅតាមកិច្ចសន្យាលក់-ទិញ ដែលមានចែងជាលាយលក្ខណ៍អក្សរ
២-បន្តផ្តល់ការរៀបចំឥណទានសារឡើងវិញ ។
៣-ពន្យារយៈពេលបង់រំលស់ពី ១៧ឆ្នាំ រហូតដល់ ៣០ ឆ្នាំ ។
ដូចនេះ សូមអតិថិជនទាំងអស់ជ្រាបថា កន្លងមកក្រុមហ៊ុន បានយកទ្រព្យសម្បត្តិទៅតម្កល់នៅធនាគារ ដើម្បីខ្ចីប្រាក់មកវិនិយោគទិញដី និងសង់ផ្ទះលក់ជូនអតិថិជន ហើយក្រុមហ៊ុនក៏ត្រូវបង់ការប្រាក់ជូនធនាគារផងដែរ។
ចំណែកអតិថិជនមកទិញផ្ទះពី ក្រុមហ៊ុនមានភាពងាយស្រួលបំផុត គឺ ១-គ្មានប្រាក់កក់ ២-គ្មានការបញ្ជាក់ចំណូល-ចំណាយ និង ៣-គ្រាន់តែបង់រំលស់ប្រចាំខែ អាចចូលរស់នៅបាន និងមានសិទ្ធិអាស្រ័យផល ក្នុងនាមជា ម្ចាស់ផ្ទះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុនពិភពថ្មី បានគោរពរាល់កិច្ចសន្យា ជាមួយអតិថិ ជនទាំងអស់ ដោយគ្មានការកែប្រែឡើយ។
ដូចនេះ បើនីតិបុគ្គល រូបវ័ន្តបុគ្គល ឬអតិថិជនណា ដែលបានយកឈ្មោះក្រុមហ៊ុន ទៅផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបំផ្លើស លាបពណ៌ ក្នុងបំណងបង្ហូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនដោយប្រើប្រាស់ កែប្រែខុសពីការពិតនៃអង្គហេតុនីមួយៗរវាងក្រុមហ៊ុន និងអតិថិជន នោះក្រុមហ៊ុន នឹងប្រើប្រាស់សិទ្ធិដើម្បី តតាំងតាមផ្លូវច្បាប់ក្នុងបំណងការពារកិត្តិយសក្រុមហ៊ុន
និងសូមឲ្យតុលាការធ្វើការផ្តន្ទាទោសជនទាំងឡាយណាដែលបានប្រព្រឹត្តិដូចបានរៀបរាប់ខាងលើ តាមផ្លូវច្បាប់ ធន់ល្មម នឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុនដែលជននោះបានប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរបំផុត៕